ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ (០៥ សីហា) ថា លោកបានជួបសន្ទនាតាមទូរសព្ទ "ប្រកបដោយផ្លែផ្កាយ៉ាងល្អ" ជាមួយសមភាគីសហរដ្ឋអាមេរិក លោក Donald Trump ស្តីពីការបញ្ចប់សង្រ្គាម ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការសម្រេចកិច្ចព្រមព្រៀងដ្រូនរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។

លោក Trump ដែលបង្ហាញពីការខកចិត្តកាន់តែខ្លាំងជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានទុកពេលកំណត់ឱ្យរុស្ស៊ី ដល់ថ្ងៃទី០៨ ខែសីហា ដ៏ឆាប់ខាងមុខនេះ ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន បើពុំនោះសោតនឹងប្រឈមការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង។
លោក Zelenskiy បានបង្ហោះលើបណ្ដាញសង្គម X ថា "លោកប្រធានាធិបតី Trump ត្រូវបានជូនដំណឹងយ៉ាងពេញលេញពីការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងគីវ និងទីតាំងផ្សេងទៀតរបស់អ៊ុយក្រែន" ដោយសំដៅលើការវាយប្រហារយានដ្រូន និងមីស៊ីល។ ថ្លែងក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy និយាយថា លោក Trump "បានដឹងពីស្ថានភាពនៅតាមជួរមុខ" ដែលលាតសន្ធឹងប្រវែង ១ពាន់គីឡូម៉ែត្រ ឆ្លងកាត់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែន។
ទាក់ទងនឹងកិច្ចព្រមព្រៀងយានដ្រូន លោក Zelenskiy បាននិយាយថា អ៊ុយក្រែនត្រៀមរួចជាស្រេចក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក លើការទិញយានដ្រូនរបស់អ៊ុយក្រែន ដែលអាចស្មើនឹង "កិច្ចព្រមព្រៀងដ៏រឹងមាំបំផុតមួយ" ដែលមេដឹកនាំអ៊ុយក្រែនរូបនេះធ្លាប់និយាយថា មានតម្លៃប្រហែល ៣០ ពាន់លានដុល្លារ៕

