ប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្ដែងការសង្ស័យខ្លាំងលើឥទ្ធិពលនៃថ្ងៃកំណត់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយទំនងជាមិនអើពើចំពោះឱសានវាទទណ្ឌកម្មដែលជិតផុតនៅថ្ងៃសុក្រ ០៨ សីហា ខាងមុខនេះឡើយ និងនៅតែរក្សាគោលដៅនៃការដណ្តើមយកតំបន់ចំនួន៤ របស់អ៊ុយក្រែនទាំងមូល។

គួរឱ្យដឹងថា លោក Trump បានគំរាមរុស្ស៊ី ជាមួយនឹងទណ្ឌកម្មថ្មីៗ និងដាក់ពន្ធ ១០០% លើប្រទេសណាដែលទិញប្រេងរុស្ស៊ី លុះត្រាតែលោក Putin យល់ព្រមលើបទឈប់បាញ់ក្នុងសង្គ្រាមនៅអ៊ុយក្រែនត្រឹមថ្ងៃដែលបានកំណត់នោះ។
យោងតាមប្រភពដែលដឹងពីកិច្ចពិភាក្សារបស់វិមានក្រឹមឡាំងបាននិយាយថា ការប្ដេជ្ញាចិត្តរបស់លោក Putin ក្នុងការបន្តទៅមុខគឺជំរុញដោយជំនឿរបស់លោក ដែលថារុស្ស៊ី កំពុងតែមានប្រៀបឈ្នះ និងដោយសារតែការសង្ស័យលើផលប៉ះពាល់នៃទណ្ឌកម្មបន្ថែមរបស់អាមេរិក បន្ទាប់ពីរលកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងអំឡុងពេលសង្រ្គាមជាង ៣ឆ្នាំកន្លះមកនេះ។
ប្រភពបន្តថា មេដឹកនាំរុស្ស៊ីរូបនេះមិនចង់ឱ្យលោក Trump ខឹងទេ ហើយលោកក៏ដឹងថាលោកប្រហែលជាកំពុងបដិសេធឱកាសកែលម្អទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន និងលោកខាងលិចហើយ ប៉ុន្តែគោលដៅសង្រ្គាមរបស់លោកគឺជាអាទិភាពចម្បង។ ប្រភពសង្កត់ធ្ងន់ថា គោលដៅរបស់លោក Putin គឺដណ្តើមតំបន់ចំនួន៤ របស់អ៊ុយក្រែនបានពេញលេញដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ដែលរុស្ស៊ីអះអាងថាជារបស់ខ្លួន ហើយបន្ទាប់មកទើបនិយាយពីកិច្ចព្រមព្រៀងសន្តិភាព៕

