ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (០៥ សីហា) បានបង្ហើបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា លោកអនុប្រធានាធិបតី JD Vance "ទំនងជាអ្នកស្នងតំណែងបន្តពីលោក" ក្នុងនាមជាបេក្ខភាពតែងតាំងមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតឆ្នាំ២០២៨ ដែលបង្ហាញឱ្យឃើញពីការគាំទ្រក្នុងពេលវេលាឆ្ងាយបំផុតលើលោក Vance ឱ្យក្លាយជាបេក្ខជនប្រធានាធិបតីនាពេលអនាគត។

នៅពេលត្រូវសាកសួរថាតើលោក Vance ជាអ្នកបន្តតំណែងចំពោះចលនាធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត (MAGA) ដែលលោកបានបំផុសគំនិតឬទេ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា "មែនហើយ ទំនងជាបែបនោះមែន ព្រោះលោកគឺជាអនុប្រធានាធិបតីស្រាប់ទៅហើយ”។ លោក Trump ក៏បានបង្ហើបថា លោក Vance និងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio អាចចូលរួមកម្លាំងជាមួយគ្នាសម្រាប់ការប្រជែងដណ្ដើមកៅអីសេតវិមានរបស់បក្សសាធារណរដ្ឋនាពេលអនាគត។
ខណៈការបោះឆ្នោតឆ្នាំ២០២៨ នៅសល់ច្រើនឆ្នាំទៀត លោក Trump ទទួលបានឥទ្ធិពលយ៉ាងសន្ធឹកសន្ធាប់ជាមួយនឹងមូលដ្ឋានបក្សសាធារណៈរដ្ឋរបស់លោក ហើយសញ្ញាណាមួយដែលបង្ហាញថាលោកកំពុងគាំទ្របេក្ខជនរូបណាម្នាក់ គឺមានផលជះយ៉ាងសំខាន់។ កាលពីមុន លោក Trump តែងបដិសេធមិនផ្តល់ការយល់ព្រមណាមួយឡើយសម្រាប់អ្នកស្នងតំណែងបន្តនៅឆ្នាំ២០២៨។ កាលពីខែកុម្ភៈ លោកបាននិយាយថា លោក Vance "មានសមត្ថភាពខ្លាំងណាស់" ប៉ុន្តែក៏និយាយថា លឿនពេកហើយក្នុងការដាក់ឈ្មោះលោកជាបេក្ខជននាំមុខ។
លោក Vance ដែលធ្លាប់ជាទាហានម៉ារីនវ័យ ៤០ឆ្នាំ បានដើរតួនាទីដ៏ច្រើនលើសលប់ក្នុងរដ្ឋបាលលោក Trump ដោយបម្រើការជាអ្នកការទូតដ៏សំខាន់ និងជាអ្នកដឹកនាំចម្បងគេក្នុងការជំរុញគោលនយោបាយក្នុងស្រុករបស់លោក Trump នៅសហរដ្ឋអាមេរិក និងគោលនយោបាយបរទេសនៅវេទិកាអន្តរជាតិផងដែរ៕

