អាជ្ញាធររដ្ឋបាននិយាយនៅថ្ងៃអង្គារ (០៥ សីហា) ថា មនុស្ស ៤នាក់ បានស្លាប់នៅពេលដែលយន្តហោះដឹកជញ្ជូនផ្នែកវេជ្ជសាស្រ្តខ្នាតតូចមួយគ្រឿងបានធ្លាក់ រួចឆាបឆេះ នៅក្នុងរដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក។ យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA បានឱ្យដឹងថា យន្តហោះប្រភេទ Beechcraft 300 មួយគ្រឿងនេះបានធ្លាក់នៅពេលវេលាក្នុងស្រុកនារសៀលថ្ងៃអង្គារ ក្នុងពេលត្រៀមចុះចត នៅអាកាសយានដ្ឋាន Chinle Municipal នៅតំបន់ Navajo Nation ក្នុងរដ្ឋអារីហ្សូណា។

នាយកដ្ឋាននគរបាល Navajo បាននិយាយថា យន្តហោះដែលបានជួបគ្រោះអកុសលនេះ កំពុងធ្វើដំណើរទៅយកអ្នកជំងឺពីមន្ទីរពេទ្យក្បែរនោះពេលគ្រោះថ្នាក់កើតឡើង ហើយមនុស្សទាំងអស់ ៤នាក់លើយន្តហោះបានស្លាប់។ នគរបាលនិយាយថា មូលហេតុនៅមិនទាន់ដឹងនៅឡើយទេ។
នគរបាលបន្ថែមថា យន្តហោះដឹកជញ្ជូនវេជ្ជសាស្រ្តដែលមានម៉ាស៊ីនភ្លោះនេះ ត្រូវបានគ្រប់គ្រងដោយស្ថាប័នអាកាសចរណ៍ CSI ដែលមានមូលដ្ឋាននៅទីក្រុង Albuquerque រដ្ឋ New Mexico។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់អាមេរិក កំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយការចូលទៅកាន់អាកាសយានដ្ឋានបច្ចុប្បន្ន ត្រូវបានបិទដោយសារតែការស៊ើបអង្កេត៕

