ជប៉ុនប្រកាសបដិសេធចោលពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ស្ថានទូតជប៉ុនបញ្ជាក់ថា ព័ត៌មាននេះគឺមិនពិតទេ។
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានសរសេរថា «ស្ថានទូតជប៉ុន បានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។»
តាមរយៈបណ្ដាញសង្គមស្ថានទូតជប៉ុនបញ្ជាក់ថា ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។
រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់ ហើយសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់៕
