ក្រុមអ្នកជួយសង្គ្រោះនៅទូទាំងភាគខាងត្បូងប្រទេសចិន ត្រៀមទប់ទល់សម្រាប់ការវាយលុកដ៏ខ្លាំងក្លាចុងក្រោយនៃភ្លៀងមូសុងនៅថ្ងៃពុធ (០៦ សីហា) នេះ ដោយបន្តប្រតិបត្តិការបោសសម្អាតកម្ទេចកម្ទីល្បប់ភក់ពីបំណាក់ដី និងបង្ហូរទឹកចេញពីផ្លូវដែលជន់លិច ស្របពេលទប់ទល់ការផ្ទុះឡើងនៃវីរុសគ្រុនឈីក ខណៈដែលខ្យល់មូសុងនៅអាស៊ីបូព៌ា ឈានដល់កម្រិតកំពូល។

ក្រុមព្យាករបានព្រមានពីព្យុះផ្គររន្ទះបន្ថែមទៀត រយៈពេលមួយថ្ងៃបន្ទាប់ពីផ្ទៃមេឃពីលើទីក្រុងហុងកុង និងទីក្រុងបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងៗនៃតំបន់ដីសណ្តទន្លេ Pearl River របស់ប្រទេសចិន បានប្រែក្លាយជាខ្មៅងងឹត និងបង្អុលភ្លៀងធ្លាក់ខ្លាំងក្លាបំផុតក្នុងខែសីហា ចាប់តាំងពីឆ្នាំ១៨៨៤មក ទៅលើហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដ៏សំខាន់។
វីដេអូតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឱ្យឃើញពីផ្លូវលិចទឹកនៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន និងសេចក្ដីរាយការណ៍ពីការផ្ទុះឡើងកាន់តែអាក្រក់ទៅៗនៃជំងឺគ្រុនឈីក ដែលត្រូវបានជំរុញដោយការកើនឡើងនៃកំណើតមូសខ្លា។ ខេត្តក្វាងទុង បានរាយការណ៍ថាមានករណីឆ្លងជំងឺគ្រុនឈីកជាង ៧.០០០នាក់ហើយមកទល់ពេលនេះ។
ប្រទេសចិន កំពុងទទយលរងភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ខណៈខ្យល់មូសុងនៅអាស៊ីបូព៌ាបានធ្លាក់លើភាគខាងជើង និងខាងត្បូង ដែលបណ្តាលឱ្យបរិយាកាសមានភាពវឹកវរជាច្រើនសប្តាហ៍ ចាប់តាំងពីដើមខែកក្កដាមក។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថានឹងធូរស្រាលឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបានសម្លាប់មនុស្សមួយចំនួននៅក្នុងខេត្តក្វាងទុងកាលពីចុងសប្តាហ៍ និងជំរុញឱ្យមានប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងអ្នកជួយសង្គ្រោះជាង ១.៣០០នាក់៕

