អស់រយៈពេល ៨០ឆ្នាំគត់ ចាប់តាំងពីគ្រាប់បែកនុយក្លេអ៊ែរត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមជាលើកដំបូង មនុស្សម្នារាប់ពាន់នាក់កំពុងអធិស្ឋានបួងសួងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុន នៅថ្ងៃពុធ (០៦ សីហា) នេះ ខណៈអភិបាលក្រុងបានព្រមានមេដឹកនាំពិភពលោកប្រឆាំងនឹងក្បាលគ្រាប់នុយក្លេអ៊ែរដែលនៅតែមានដល់សព្វថ្ងៃ។

គួររម្លឹកថា ទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចរបស់ជប៉ុន ត្រូវបានកម្ទេចកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ នៅពេលសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលដាក់ឈ្មោះថា Little Boy បានសម្លាប់មនុស្សប្រហែល ៧៨.០០០នាក់ ភ្លាមៗនៅពេលនោះ។
ក្រុងហ៊ីរ៉ូស៊ីម៉ា ធ្លាប់ជាទីស្នាក់ការកណ្តាលនៃអង្គភាពយោធាមួយចំនួន និងជាមូលដ្ឋានផ្គត់ផ្គង់ដ៏សំខាន់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ គ្រាប់បែក " Little Boy" បានបញ្ចេញកម្ដៅដល់ ៤ពាន់អង្សាសេ ហើយរលកវិទ្យុសកម្មដ៏ខ្លាំងក្លា បានសម្លាប់មនុស្សរាប់ម៉ឺននាក់ទៀតនៅចុងឆ្នាំដដែលនោះ។ បន្ទាប់ពីគ្រាប់ទីមួយរួច ក្បាលគ្រាប់នុយក្លេអ៊ែរផ្ទុកសារធាតុភ្លុយតូនីញ៉ូមឈ្មោះ “Fat Man” មួយគ្រាប់ទៀតត្រូវបានទម្លាក់លើក្រុងណាហ្គាសាគិ របស់ជប៉ុន រយៈពេល ៣ថ្ងៃក្រោយមកនៅថ្ងៃទី០៩ សីហា សម្លាប់មនុស្សប្រមាណ ៤ម៉ឺននាក់ភ្លាមៗ ហើយពិភពលោកក៏បានមើលឃើញការចុះចាញ់របស់ជប៉ុន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥។
បន្ទាប់ពីឈរស្ងប់ស្ងាត់មួយភ្លែតដើម្បីរំលឹកខួបនេះនៅម៉ោងក្នុងស្រុក ៨:១៥នាទីព្រឹក ជាពេលវេលានៃការបំផ្ទុះ អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kazumi Matsui បានអំពាវនាវឱ្យមេដឹកនាំអន្តរជាតិ យកចិត្តទុកដាក់លើមេរៀនរបស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ ហើយបានព្រមានពីផលវិបាកនៃនិន្នាការពិភពលោក ឆ្ពោះទៅរកការកសាងកម្លាំងយោធាដ៏គ្រោះថ្នាក់។
តំណាងមកពីប្រទេស និងដែនដីចំនួន១២០ រួមទាំងមហាអំណាចនុយក្លេអ៊ែរ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល — ដែលមិនបានបញ្ជាក់ ឬបដិសេធថាមិនមានអាវុធនុយក្លេអ៊ែរនោះ — បានចូលរួមក្នុងពិធីប្រចាំឆ្នាំនៅឧទ្យានអនុស្សាវរីយ៍សន្តិភាព ហ៊ីរ៉ូស៊ីម៉ា សម្រាប់ខួប ៨០ឆ្នាំដ៏សំខាន់នេះ៕


