លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែសីហាថា ដំបូង សហរដ្ឋអាមេរិកនឹងដាក់ «ការដំឡើងពន្ធតិចតួច» លើការនាំចូលឱសថ មុនពេលដំឡើងពន្ធដល់១៥០ភាគរយក្នុងរយៈពេល១៨ខែ ហើយនៅចុងក្រោយដល់២៥០ភាគរយ ជាចំណាត់ការមួយក្នុងគោលបំណងជំរុញការផលិតក្នុងស្រុក។

លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC នៅក្នុងបទសម្ភាសន៍ថា «ក្នុងរយៈពេលមួយឆ្នាំ ឬអតិបរមាមួយឆ្នាំកន្លះ វានឹងឡើងដល់១៥០ភាគរយ ហើយក្រោយមកវានឹងឡើងដល់២៥០ភាគរយ ព្រោះថាយើងចង់ឲ្យឱសថត្រូវបានផលិតនៅក្នុងប្រទេសរបស់យើង»។

លោកពុំបានបញ្ជាក់ពីអត្រាដំឡើងពន្ធដំបូងឡើយ ទោះបីជាលោកធ្លាប់បាននិយាយកាលពីខែកុម្ភៈថា ការដំឡើងពន្ធលើឱសថ និងការដំឡើងពន្ធលើបន្ទះអេឡិចត្រូនិក នឹងចាប់ផ្តើមនៅ «២៥ ភាគរយ ឬខ្ពស់ជាងនេះ»។ កាលពីខែមុន លោកបាននិយាយថា ការដំឡើងពន្ធលើការនាំចូលឱសថ អាចនឹងកើនឡើងដល់ទៅ ២០០ ភាគរយ។
លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកមានផែនការប្រកាសការដំឡើងពន្ធលើគ្រឿងអេឡិចត្រូនិកនិងបន្ទះឈីប នៅ «សប្តាហ៍ក្រោយ» ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
សហរដ្ឋអាមេរិក បាននឹងកំពុងត្រួតពិនិត្យឡើងវិញសន្តិសុខជាតិសម្រាប់វិស័យឱសថ ហើយឧស្សាហកម្មនេះបាននិងកំពុងត្រៀមសម្រាប់លទ្ធភាពនៃការដំឡើងពន្ធតាមវិស័យជាក់លាក់។ រដ្ឋបាលនេះ ពុំបានប្រកាសថាតើលទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវបញ្ចេញនៅពេលណានោះទេ។
ក្រុមហ៊ុនឱសថជាច្រើនបានសន្យាថានឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការផលិតនៅសហរដ្ឋអាមេរិក ខណៈលោក Trump នៅតែបន្តគំរាមកំហែងពន្ធនាំចូល។