ប្រណាំងរថយន្ត៖ កីឡាករអេស្ប៉ាញ Carlos Sainz បានប្រជែងឈ្នះដំណាក់កាលទី ១១ នៃព្រឹត្តិការណ៍ប្រណាំងយានយន្ត Dakar Rally តែកីឡាករកាតា Nasser Al-Attiyah ខិតជិតគ្រងជើងឯកទៅហើយ។ ដំណាក់កាលទី ១១ ថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានចំងាយផ្លូវ ៣៤៦គីឡូម៉ែត្រកីឡាករដែលបើកបររថយន្ត Audi, Carlos Sainz បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២៩នាទី ៣២វិនាទី។

លេខ ២ ក្នុងដំណាក់កាលគឺកីឡាករអាហ្សង់ទីន Lucio Alvarez យឺតជាង ៣នាទី ១០វិនាទី និងលេខ ៣ កីឡាករស៊ុយអែត Mattias Ekstrom។ យ៉ាងណាក្តីក្រោយ ១១ដំណាក់កាលនេះកីឡាករដែលបើកបរេរថយន្តតូយ៉ូតា Nasser Al-Attiyah កាន់តែកៀកទៅនឹងការគ្រងជើងឯក Dakar Rally លើកទី៤ បន្ទាប់ពីនាំមុខដាច់ក្នុងតារាងវេលារួមជាងកន្លះម៉ោង ខណៈការប្រកួតនឹងបិទបញ្ចប់ដំណាក់កាលទី ១២ ចុងក្រោយថ្ងៃសុក្រនេះ។
ងាកមកការប្រកួតផ្នែកម៉ូតូកីឡាករអាហ្សង់ទីន Kevin Benavides គឺជាអ្នកឈ្នះក្នុងដំណាក់កាលទី ១១ នេះតែកីឡាករអង់គ្លេស Sam Sunderland ឡើងមកនាំមុខរួមមានវេលាចំណេញ ៦នាទី ៥២វិនាទីលើអ្នកលេខ ២ កីឡាករស៊ីលី Pablo Quintanilla។ សំរាប់ដំណាក់កាលទី ១២ ចុងក្រោយថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៦៤គីឡូម៉ែត្របញ្ចប់នៅរដ្ឋធានី Jeddar ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕
អត្ថបទ៖នាង សុភាវុធ