ផលិតកម្មនៅក្នុងវិស័យកាត់ដេររបស់ប្រទេសឥណ្ឌានៅតែបន្ត ទោះបីជាមានភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកើនឡើងជុំវិញការទិញប្រេងពីរុស្ស៊ីដែលកំពុងបន្តរបស់ទីក្រុងញូវឌេលីក៏ដោយ។

កាលពីថ្ងៃអង្គារ កម្មករនៅរោងចក្រកាត់ដេរ ក្នុងទីក្រុង Ahmedabad ដំណើរការដោយក្រុមហ៊ុន Arvind Fashions Ltd ត្រូវបានគេឃើញដេរក្រណាត់ប្រើគំរូឡាស៊ែរនិងប្រើម៉ាស៊ីនប៉ាក់ ដើម្បីភ្ជាប់ឡូហ្គោសម្រាប់ម៉ាកយីហោអាមេរិកដូចជាម៉ាកលីវ៉ាយ(Levi's) ជាដើម។ សម្លៀកបំពាក់កំពុងត្រូវបានដាក់ស្លាក បត់ និងរៀបចំសម្រាប់ការនាំចេញ ជាសញ្ញាបង្ហាញថា ពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិកនៅតែសកម្ម ទោះបីជាមានភាពតានតឹងផ្នែកនយោបាយក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដំឡើងពន្ធយ៉ាងច្រើនលើការនាំចូលពីប្រទេសឥណ្ឌា ដោយចោទប្រកាន់ប្រទេសនេះថាបាន «បញ្ឆេះសង្រ្គាម» នៅអ៊ុយក្រែន តាមរយៈពាណិជ្ជកម្មប្រេងរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ មន្ត្រីឥណ្ឌា បានច្រានចោលការរិះគន់រឿងនេះ ដោយលើកហេតុផលថាការទិញប្រេងរបស់ខ្លួននេះជួយរក្សាស្ថិរភាពតម្លៃថាមពលពិភពលោក។
ការគំរាមកំហែងរបស់លោក Trump ចំពោះប្រទេសឥណ្ឌាជុំវិញការទិញប្រេងពីរុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី ៣១ ខែកក្កដា នៅពេលដែលលោកបានប្រកាសដំឡើងពន្ធ២៥% សម្រាប់ទំនិញឥណ្ឌា រួមជាមួយនឹងការពិន័យមិនជាក់លាក់ជាច្រើនទៀត។ ប្រភពរដ្ឋាភិបាលឥណ្ឌាមួយបាននិយាយថា ការទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ី បានជួយរក្សាស្ថិរភាពតម្លៃប្រេងពិភពលោកដោយបន្ធូរបន្ថយសម្ពាធលើការផ្គត់ផ្គង់ពីតំបន់ផ្សេងៗទៀត។