ការវិភាគរបស់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃពុធ (០៦ សីហា) នេះ រកឃើញថា រុស្ស៊ី បង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលច្រើនជាងពីរដង បាញ់សំដៅលើអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ត្រឡប់ទៅអង្គុយកៅអីសេតវិមានក្នុងអាណត្តិទី២ នៅខែមករា ឆ្នាំ២០២៥នេះមក បើទោះបីជាលោកអំពាវនាវម្ដងហើយម្ដងទៀតរកបទឈប់បាញ់ក៏ដោយ។

ការវាយប្រហារកើនឡើងខ្លាំងរួចទៅហើយក្រោមអាណត្តិលោកអតីតប្រធានាធិបតី Joe Biden ក្នុងឆ្នាំ២០២៤ ប៉ុន្តែបានកើនឡើងកាន់តែកម្រោល បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Trump នៅខែវិច្ឆិកា ឆ្នាំមុន។ ចាប់តាំងពីលោក Trump ត្រឡប់ចូលកាន់តំណែងក្នុងខែមករា ការវាយប្រហារតាមអាកាសដែលកត់ត្រាពីទីក្រុងមូស្គូ ឈានដល់កម្រិតខ្ពស់បំផុតនៃសង្គ្រាមរវាងអ្នកជិតខាងទាំងពីរ។
ទិន្នន័យដែលត្រួតពិនិត្យដោយ BBC ផ្អែកលើរបាយការណ៍ប្រចាំថ្ងៃពីកងទ័ពអាកាសអ៊ុយក្រែន បានបង្ហាញថា រុស្ស៊ីបាញ់គ្រាប់រំសេវចំនួន ២៧.១៥៨គ្រាប់ នៅចន្លោះថ្ងៃទី២០ ខែមករា — ជាពេលវេលាដែលតំណែងប្រធានាធិបតីរបស់លោក Trump ចាប់ផ្តើម — និងរហូតដល់ថ្ងៃទី១៩ ខែកក្កដា ធៀបនឹងតួលេខ ១១.៦១៤គ្រាប់ ក្នុងពេល ៦ខែចុងក្រោយនៃអាណត្តិរបស់លោក Biden។
ពេញមួយយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក Trump ប្តេជ្ញាថានឹងបញ្ចប់ការប្រយុទ្ធគ្នាក្នុងពេលត្រឹមតែ ១ថ្ងៃ ប្រសិនបើបានចូលកាន់តំណែងវិញ។ លោកក៏អះអាងក្នុងពេលយុទ្ធនាការឆ្នាំ២០២៤ នោះថា ប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ប្រហែលមិនកើតឡើងទេ បើលោកនៅជាប្រធានាធិបតី ខណៈវិមានក្រឹមឡាំង ហាក់ "គោរព" លោកណាស់។
ទោះយ៉ាងនេះក្ដី នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់ លោក Trump ត្រូវអ្នករិះគន់ចោទថាងាកទៅខាងរុស្ស៊ីខ្លាំង ហើយរដ្ឋបាលរបស់លោក បានផ្អាកបញ្ជូនអាវុធការពារដែនអាកាស និងការផ្គត់ផ្គង់យោធាផ្សេងទៀតឱ្យអ៊ុយក្រែន ពីរលើកដាច់ដោយឡែកពីគ្នាក្នុងខែមីនា និងកក្កដា៕


