ប្រមុខការទូតកាណាដា បាននិយាយថា រដ្ឋមន្ត្រីជាន់ខ្ពស់កាណាដា បានជួបប្រជុំ "ប្រកបដោយផ្លែផ្កា" ជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum និងមន្ត្រីជាន់ខ្ពស់ម៉ិកស៊ិកមួយចំនួនទៀត អំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីម៉ិកស៊ិកូស៊ីធី កាលពីថ្ងៃអង្គារ (០៥ សីហា) ខណៈប្រទេសទាំងពីររិះរកវិធីទប់ទល់ការដំឡើងពន្ធមិនទៀតទាត់ និងជិតមកដល់របស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ម៉ិកស៊ិក បានលើកឡើងថា កិច្ចពិភាក្សានោះគ្របដណ្តប់លើគោលនយោបាយរបស់ប្រទេសទាំងពីរ ជាការឆ្លើយតបទៅនឹងការប្រកាសពន្ធគយពីលោកប្រធានាធិបតីអាមេរិក Donald Trump ខណៈប្រទេសទាំងបីមានចំណងសេដ្ឋកិច្ចជាមួយគ្នាយ៉ាងស្អិតរមួត។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា៖ កាណាដា និងម៉ិកស៊ិក បានព្រមព្រៀងបង្កើតផែនការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាទ្វេភាគីជាច្រើនក្នុងដំណើរទស្សនកិច្ចនោះ រួមមានភាពធន់នៃបណ្ដាញផ្គត់ផ្គង់ ខ្សែពាណិជ្ជកម្មពីកំពង់ផែទៅកំពង់ផែ បញ្ញាសិប្បនិម្មិត AI និងសន្តិសុខថាមពលជាដើម។
ម៉ិកស៊ិក រកបានការផ្អាក ៩០ថ្ងៃទៀតនៃពន្ធ ៣០% លើការដឹកជញ្ជូនរបស់ខ្លួនទៅកាន់អាមេរិក ដែលបានកំណត់ចូលជាធរមានកាលពីសប្តាហ៍មុន ដើម្បីធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលរបស់លោក Trump ។ ចំណែកកាណាដាវិញ លោក Trump បានដាក់ពន្ធ ៣៥% លើទំនិញជាច្រើនដែលមកពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ជាអត្រាខ្ពស់ខ្លាំងពីពន្ធបដិការ ២៥% ដំបូងដែលលោកបានដាក់កាលពីដើមឆ្នាំនេះ៕

