ប្រេសិតសហរដ្ឋអាមេរិក លោក Steve Witkoff បានទៅដល់ទីក្រុងមូស្គូ នៅថ្ងៃពុធ (០៦ សីហា) នេះ ក្នុងបេសកកម្មនាទីចុងក្រោយដើម្បីស្វះស្វែងរកការទម្លាយភាពជាប់គាំងក្នុងសង្គ្រាមជាច្រើនឆ្នាំនៅអ៊ុយក្រែន ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកាលបរិច្ឆេទកំណត់ទី០៨ សីហា របស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ឱ្យរុស្ស៊ី យល់ព្រមធ្វើកិច្ចព្រមព្រៀងសន្តិភាព បើពុំនោះសោតត្រូវប្រឈមមុខនឹងទណ្ឌកម្មថ្មីយ៉ាងតឹងរ៉ឹង។
លោក Witkoff ត្រូវបានទទួលស្វាគមន៍ដោយលោក Kirill Dmitriev បេសកជនវិនិយោគរបស់រុស្ស៊ី និងជាប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេស។ ប្រភពដែលដឹងពីកាលវិភាគរបស់លោក Witkoff បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារថា ប្រេសិតអាមេរិករូបនេះ នឹងជួបជាមួយថ្នាក់ដឹកនាំរុស្ស៊ីនៅថ្ងៃពុធ ០៦ សីហា ហើយវិមានក្រឹមឡាំងក៏បានបង្ហើបថា លោកអាចនឹងជួបលោកប្រធានាធិបតី Vladimir Putin ប៉ុន្តែមិនបានបញ្ជាក់ច្បាស់នោះទេ។
លោក Trump កាន់តែអាក់អន់ចិត្តជាមួយលោក Putin ជុំវិញការខ្វះវឌ្ឍនភាពគ្រប់គ្រាន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងសង្រ្គាមអ៊ុយក្រែន បានគំរាមដាក់ទណ្ឌកម្ម និងពន្ធធ្ងន់ៗទៅលើប្រទេសណាដែលទិញការនាំចេញរបស់រុស្ស៊ី ក្នុងជំហានដាក់សម្ពាធផ្នែកសេដ្ឋកិច្ច។
ប្រភពជិតស្និទ្ធនឹងវិមានក្រឹមឡាំងបានប្រាប់រ៉យទ័រថា លោក Putin ទំនងជាមិនខ្វល់នឹងឱសានវាទទណ្ឌកម្មរបស់លោក Trump នេះទេ ពីព្រោះលោកជឿជាក់ថារុស្ស៊ីមានប្រៀបឈ្នះក្នុងសង្រ្គាម ហើយគោលដៅយោធារបស់លោកជាអាទិភាពចម្បង ធំជាងបំណងប្រាថ្នារបស់លោកក្នុងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៕