អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសថៃ មានភាពអវិជ្ជមានក្នុងរយៈពេល ៤ខែជាប់ៗគ្នាក្នុងខែកក្កដា ដែលជំរុញដោយការធ្លាក់ចុះនៃតម្លៃថាមពល និងទំនិញកសិកម្មមួយចំនួន ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃ បានអះអាងនៅថ្ងៃពុធ (០៦ សីហា) នេះថា សេដ្ឋកិច្ចមិនទទួលរងពីបរិត្តផរណានោះទេ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ឬហៅថា CPI បានធ្លាក់ចុះ ០,៧% ក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ដែលកាន់តែជ្រៅជាងការព្យាករថាអាចធ្លាក់ត្រឹម ០,៤០% ប៉ុណ្ណោះក្នុងការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ហើយបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ០,២៥% នៅក្នុងខែមិថុនា ពោលគឺធ្លាក់ចុះ ៤ខែជាប់គ្នាមកហើយ ខណៈក៏ជាខែទី៥ជាប់គ្នាដែលអត្រាអតិផរណាស្ថិតនៅក្រោមជួរគោលដៅរបស់ធនាគារកណ្តាលពីចន្លោះ ១,០% ទៅ ៣,០%។
លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួង បានប្រាប់សន្និសីទសារព័ត៌មានថា "ការធ្លាក់ចុះកាន់តែជ្រៅនេះត្រូវបានជំរុញដោយកត្តាសំខាន់ៗពីរ គឺតម្លៃថាមពលដូចជាប្រេងសាំង ប្រេងម៉ាស៊ូត និងតម្លៃអគ្គិសនី ចំណែកមួយទៀតគឺកសិផលស្រស់"។ លោកបន្តថា អត្រាខែសីហានេះ ត្រូវបានរំពឹងថានឹងស្រដៀងទៅនឹងខែកក្កដាដែរ ដោយទិន្នន័យ CPI ត្រូវមើលឃើញថាធ្លាក់ចុះប្រចាំឆ្នាំ ០,៥% នៅក្នុងត្រីមាសទីបី។
ទោះបីជាមានអំណានទិន្នន័យអវិជ្ជមានខ្លាំងបែបនេះក៏ដោយ ក្រសួងខាងលើបាននិយាយថា មិនមានសញ្ញានៃបរិត្តផរណានោះទេ។ ទិន្នន័យ CPI ស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់ និងថាមពល បានកើនឡើង ០,៨៤% ក្នុងខែកក្កដា ធៀបនឹងឆ្នាំមុន ប៉ុន្តែតិចជាងការព្យាករនៃកំណើន ០,៩០%៕