បន្ទាប់ពីដំណើរការចរចាពាណិជ្ជកម្មចំនួន ៥ជុំ មន្ត្រីឥណ្ឌាមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវកិច្ចព្រមព្រៀងដ៏ល្អប្រសើរជាមួយសហរដ្ឋអាមេរិក ហើយពួកគេថែមទាំងបានបង្ហើបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា អត្រាពន្ធគយអាចត្រូវបានកំណត់ត្រឹម ១៥ភាគរយ។
មន្ត្រីឥណ្ឌារំពឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងប្រកាសពីកិច្ចព្រមព្រៀងនេះដោយខ្លួនលោកផ្ទាល់ នៅប៉ុន្មានសប្តាហ៍មុនកាលកំណត់ថ្ងៃទី១ ខែសីហា។ តែសេចក្តីប្រកាសនោះមិនបានកើតឡើងឡើយ។

ផ្ទុយទៅវិញ ទីក្រុងញូវដេលី ឥឡូវនេះ ត្រូវបានធ្វើឲ្យស្រឡាំងកាំងជាមួយនឹងអត្រាពន្ធ ២៥ភាគរយលើទំនិញឥណ្ឌា ចាប់ពីថ្ងៃទី៨ ខែសីហា រួមជាមួយនឹងការពិន័យមិនជាក់លាក់លើការនាំចូលប្រេងពីប្រទេសរុស្ស៊ី ខណៈដែលលោក Trump បានបិទកិច្ចព្រមព្រៀងធំជាងជាមួយប្រទេសជប៉ុន និងសហភាពអឺរ៉ុប (EU) ហើយថែមទាំងបានផ្តល់លក្ខខណ្ឌល្អប្រសើរដល់គូប្រជែងប៉ាគីស្ថានទៀតផង។
កិច្ចសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលឥណ្ឌា ៤រូប និងមន្ត្រីរដ្ឋាភិបាលអាមេរិក ២រូប បានបង្ហើបឲ្យដឹងនូវព័ត៌មានលម្អិតដែលមិនត្រូវបានបង្ហាញពីមុននៃសំណើកិច្ចព្រមព្រៀង និងរឿងរ៉ាវមួយនួនអំពីថា តើហេតុអ្វីបានជាការចរចាដួលរលំ បើទោះបីមានការព្រមព្រៀងបច្ចេកទេសលើបញ្ហាភាគច្រើនក៏ដោយ។
មន្ត្រីពីភាគីទាំងសងខាង បានប្រាប់ថា ភាពច្របូកច្របល់នៃការវិនិច្ឆ័យផ្នែកនយោបាយ ការមានទំនាក់ទំនងមិនត្រឹមត្រូវ និងការមានអារម្មណ៍មិនសូវស្រួលជាមួយគ្នា បានធ្វើឲ្យកិច្ចព្រមព្រៀងដួលរលំ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ និងធំទី៥ របស់ពិភពលោក ដែលពាណិជ្ជកម្មទ្វេភាគី មានតម្លៃជាង ១៩០ពាន់លានដុល្លារអាមេរិក។
ទាំងសេតវិមាន ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក និងការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា រួមជាមួយនឹងក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែល៕
