ក្រុមមន្ត្រីក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ចំហេះព្រៃនៅភាគខាងត្បូងនៃប្រទេសបារាំង បានថមថយកម្លាំង ពីយប់ថ្ងៃអង្គារ (ទី៥ ខែសីហា) ដល់ថ្ងៃពុធ (ទី៦ ខែសីហា) បន្ទាប់ពីបានឆេះរាលដាលពាសពេញផ្ទៃដី ១១.០០០ហិកតា និងបណ្ដាលឲ្យមនុស្សយ៉ាងតិច ៩នាក់រងរបួស។
អគ្គិភ័យដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃអង្គារ នៅតែគំរាមកំហែងដល់ភូមិជាច្រើន នៅក្នុងតំបន់ Aude ជាកន្លែងដែលអ្នកពន្លត់អគ្គិភ័យចំនួន ១.៥០០នាក់ បាននិងកំពុងប្រយុទ្ធពន្លត់អណ្ដាតភ្លើងនេះ។
លោកស្រី Lucie Roesch អគ្គលេខាធិការតំបន់ Aude បាននិយាយថា៖ «អគ្គិភ័យកំពុងឆាបឆេះរាលដាលទៅក្នុងតំបន់ដែលមានលក្ខខណ្ឌជួយឲ្យវាកាន់តែមានកម្លាំង។ យើងកំពុងពិនិត្យមើលទិសដៅរបស់ចំហេះនេះ ដើម្បីទប់ស្កាត់វា»។
លោកស្រី Roesch បានឲ្យដឹងទៀតថា អ្នកពន្លត់អគ្គិភ័យរំពឹងថា នឹងទទួលបានការគាំទ្រពីលើអាកាស នៅពេលព្រឹកនេះ ប៉ុន្តែបានព្រមានថា «អណ្ដាតភ្លើងនេះនឹងធ្វើឲ្យយើងមិនអាចសម្រាកបានជាច្រើនថ្ងៃទៀត។ វាជាប្រតិបត្តិការចំណាយពេលយូរ»។ លោកស្រីបានបន្ថែមថា ការរាលដាលទៅមុខរបស់ចំហេះនេះបានថមថយ កាលពីយប់ ដោយសារអាកាសធាតុមានសំណើមខ្ពស់។
មន្ត្រីតំបន់បានប្រាប់ថា មនុស្សម្នាក់រងការរលាកធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួស ដោយបន្ថែមថា អ្នកពន្លត់អគ្គិភ័យចំនួន ៧នាក់ ក៏បានរងរបួសផងដែរ។ កន្លែងបោះជំរុំ និងភូមិមួយ ត្រូវបានជម្លៀសចេញមួយផ្នែក ហើយផ្លូវមូលដ្ឋានជាច្រើនត្រូវបានបិទ៕