គណៈកម្មាធិការសភាដែលទើបបង្កើតថ្មីនៅក្នុងប្រទេសទួរគី បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីត្រួតពិនិត្យគំនិតផ្តួចផ្តើមសន្តិភាពដែលមានគោលបំណងបញ្ចប់ជម្លោះអស់ជាច្រើនទសវត្សរ៍ ជាមួយគណបក្សពលករឃើដ (PKK) ដែលត្រូវបានចាត់ថា ខុសច្បាប់។
គណៈកម្មាធិការដែលមានសមាជិកចំនួន ៥១រូប រួមមានតំណាងមកពីគណបក្សនយោបាយធំៗភាគច្រើន មានភារកិច្ចដឹកនាំ និងត្រួតពិនិត្យទិដ្ឋភាពនយោបាយ និងច្បាប់នៃដំណើរការសន្តិភាព។ វឌ្ឍភាពនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់ PKK នាពេលថ្មីៗនេះ ក្នុងការរំសាយ និងបោះបង់ការតស៊ូប្រដាប់អាវុធ។

ខណៈពេលកំពុងថ្លែងនៅក្នុងសម័យប្រជុំបើកដំណើរការរបស់គណៈកម្មាធិការនេះ ប្រធានសភាទួរគីលោក Numan Kurtulmus បានហៅគំនិតផ្តួចផ្តើមនេះថា ជា «ចំណុចរបត់ប្រវត្តិសាស្ត្រមួយ»។
លោក Kurtulmus បាននិយាយថា៖«គណៈកម្មការនេះ មិនមែនជាគណៈប្រតិភូធម្មតាទេ វាតំណាងឲ្យ ភាពក្លាហានក្នុងការរៀបចំអនាគតរបស់យើង និងឆន្ទៈក្នុងការពង្រឹងការរួបរួមសង្គម»។ លោកបានបន្ថែមថា៖ «យើងកំពុងធ្វើជាសាក្សីក្នុងការចាប់ផ្តើមសករាជថ្មីមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ជាតិ។
បន្ទាប់ពីសុន្ទរកថាបើកចប់ សម័យប្រជុំនេះ ត្រូវបានបិទមិនឲ្យអ្នកសារព័ត៌មានចូលរួម។
គណបក្សពលករឃើដ (PKK) ដែលបានធ្វើយុទ្ធនាការប្រដាប់អាវុធប្រឆាំងនឹងរដ្ឋទួរគី តាំងពីឆ្នាំ ១៩៨៤ ដើមដំបូង បានស្វែងរកការបង្កើតរដ្ឋឃើដឯករាជ្យមួយ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរការទាមទាររបស់ខ្លួនឆ្ពោះទៅរកស្វ័យភាពកាន់តែច្រើន និងពង្រីកសិទ្ធិសម្រាប់ជនជាតិឃើដ នៅក្នុងប្រទេសទួរគី ។
