លោកបណ្ឌិត Prommin Lertsuridej អគ្គលេខាធិការរបស់លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ បានបំពេញតាមកាលកំណត់នៅថ្ងៃទី៤ ខែសីហារបស់តុលាការធម្មនុញ្ញ ដោយដាក់ជូននូវឯកសារការពារក្ដីរបស់លោកស្រី។
កាលពីរសៀលថ្ងៃចន្ទ លោកបណ្ឌិត Prommin តំណាងរបស់នាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតំណែង លោកស្រី ផែថងថាន បានដាក់ជូនឯកសារការពារក្ដីជាលាយលក្ខណ៍អក្សរជាផ្លូវការទៅតុលាការធម្មនុញ្ញ ជុំវិញការចោទប្រកាន់ ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភាថៃមួយចំនួន ពាក់ព័ន្ធនឹងទង្វើអសីលធម៌ និងបំផ្លាញអធិបតេយ្យភាពជាតិ។
បើតាមលោក លោក Prommin ការពន្យល់ជាលាយលក្ខណ៍អក្សរដែលដាក់ទៅតុលាការធម្មនុញ្ញ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី។ វាត្រូវបានបញ្ជូនដោយតំណាងមុនពេលកំណត់របស់តុលាការ។ លោកបានបញ្ជាក់បន្ថែមថា ឯកសារនេះដោះស្រាយទាំងការចោទប្រកាន់ជាក់ស្តែង និងច្បាប់ពាក់ព័ន្ធ។ ចំពោះនីតិវិធីច្បាប់ តុលាការត្រូវបានរំពឹងថា នឹងបញ្ជូនសេចក្តីថ្លែងការណ៍នេះទៅដើមបណ្តឹង ដើម្បីពិនិត្យ។
ទោះបីជានាយករដ្ឋមន្ត្រីត្រូវបានព្យួរពីតួនាទីរបស់លោកស្រី ដោយរង់ចាំការសម្រេចរបស់តុលាការក៏ដោយ ក៏លោកស្រីនៅតែមានសកម្មភាពនានា ដើម្បីការពារការចោទប្រកាន់។ ហើយលោក Prommin បញ្ជាក់ថា លោកស្រីគ្មានចេតនាលាលែងពីតំណែងមុនពេលមានការប្រកាសសាលក្រមឡើយ។ លោកបានថ្លែងថា៖ «វាមិនមែនជាការពិតឡើយ ចំពោះពាក្យចចាមអារ៉ាមអំពីការលាលែងពីតំណែង។ យើងកំពុងតែអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់»៕