របាយការណ៍ព័ត៌មានរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានទទួលការគាំទ្រពីប្រទេស រុស្ស៊ី ក្នុងការធ្វើទំនើបកម្មនាវាផ្ទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការបន្តកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ។
លោក Kyrylo Budanov ប្រធានចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បានធ្វើការអត្ថាធិប្បាយ ខណៈដែលលោក បានធ្វើការប្រៀបធៀបរវាងការផ្តល់បច្ចេកវិទ្យាយោធារបស់រុស្ស៊ី ដល់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់នៅក្នុងរបាយការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Interfax Ukraine កាលពីថ្ងៃអង្គារ។
លោក Budanov ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖«សម្រាប់ប្រទេសកូរ៉េខាងជើង បញ្ហានេះ ពិតជាលំបាក នៅទីនេះ។ កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែររួចហើយ»។
លោកបាននិយាយថា៖«ប៉ុន្តែរុស្ស៊ីជួយធ្វើទំនើបកម្មនាវាផ្ទុកអាវុធនុយក្លេអ៊ែរ។ រឿងនេះ កំពុងកើតឡើង» ដោយបន្ថែមថា រុស្ស៊ីទំនងជាមិនផ្ទេរបច្ចេកវិទ្យាដោយផ្ទាល់សម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។
ការអត្ថាធិប្បាយរបស់លោក Budanov បានធ្វើឡើង នៅពេលដែលកូរ៉េខាងជើង និងរុស្ស៊ី បាននិងកំពុងពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការដាក់ពង្រាយទ័ព និងការផ្គត់ផ្គង់គ្រាប់ផ្លោង និងអាវុធរបស់កូរ៉េខាងជើង ដោយនាំឲ្យមានការរំពឹងទុកជុំវិញការផ្ទេរបច្ចេកវិទ្យាយោធាទំនើបរបស់ទីក្រុងមូស្គូ ទៅកាន់ទីក្រុងព្យុងយ៉ាង។