ក្រសួងសុខាភិបាលនិងប្រជាសេវា(HHS) បានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ការផ្តល់មូលនិធិរាប់រយលានដុល្លារសម្រាប់ការផលិតវ៉ាក់សាំងផ្អែកលើ mRNA ជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់នៅក្នុងយុទ្ធសាស្រ្តសុខភាពសាធារណៈរបស់សហព័ន្ធ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាសេវា(HHS) លោក Robert F. Kennedy Jr. បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារបានបញ្ចប់ការវិនិយោគលើការអភិវឌ្ឍន៍វ៉ាក់សាំង mRNA ដោយសារតែទិន្នន័យបង្ហាញថាវ៉ាក់សាំងទាំងនេះ «មិនបានការការពារដោយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងជំងឺផ្លូវដង្ហើម ដូចជាជំងឺ Covid និងជំងឺផ្តាសាយ»។ លោកនិយាយបន្តថា គម្រោងដែលរងផលប៉ះពាល់សរុបមានទឹកប្រាក់ជិត ៥០០លានដុល្លារ។
លោកនិយាយថា «យើងនឹងផ្លាស់ប្តូរការផ្តល់មូលនិធិនេះឈានទៅរកវេទិកាវ៉ាក់សាំងកាន់តែទូលំទូលាយ មានសុវត្ថិភាព និងប្រសិទ្ធភាព ទោះបីជាវីរុសប្រែប្រួលក៏ដោយ»។ ចំណាត់ការនេះបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងអាទិភាពនៃការផលិតវ៉ាក់សាំងរបស់សហព័ន្ធសហរដ្ឋអាមេរិក។ យោងតាមក្រសួងសុខាភិបាល និងប្រជាសេវា(HHS) បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតនឹងផ្តល់អាទិភាពដល់បច្ចេកវិទ្យាដោយកំណត់ត្រាសុវត្ថិភាពកាន់តែខ្លាំង និងមានតម្លាភាពកាន់តែច្រើននៅក្នុងទិន្នន័យគ្លីនិក និងការផលិត។
