ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ជំនួប រវាងបេសកជនអាមេរិក លោក Steve Witkoff និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin កំពុងប្រព្រឹត្តទៅនៅវិមានក្រឹមឡាំង។
លោក Witkoff បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ ស្របពេលដែលការដាក់ថ្ងៃកំណត់របស់លោក Donald Trump ដើម្បីឲ្យរុស្ស៊ីឈានដល់បទឈប់បាញ់នៅអ៊ុយក្រែននោះ កំពុងលេចស្រមោលស្ទុងៗហើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា រុស្ស៊ីអាចប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ឬឃើញនូវការដាក់ទណ្ឌកម្មបន្ថែមលើដៃគូពាណិជ្ជកម្មទាំងអស់ជាមួយខ្លួន ប្រសិនបើទីក្រុងមូស្គូមិនចាត់វិធានការ ដើម្បីបញ្ចប់ «សង្រ្គាមដ៏សែនអាក្រក់» ដែលកំពុងបន្តមានជាមួយអ៊ុយក្រែនទេនោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការយ៉ាងខ្លាំងក្លាឆ្ពោះទៅរកសន្តិភាព ប្រសិនបើប្រទេសនេះចាប់ផ្តើមអស់ប្រាក់។ ហើយមេដឹកនាំរូបនេះបានស្វាគមន៍ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង និងដំឡើងពន្ធកាន់តែខ្ពស់លើបណ្ដាប្រទេសដែលទិញប្រេងពីរុស្ស៊ី។
លក្ខខណ្ឌជាមុនទាំងផ្នែកយោធា និងនយោបាយរបស់ទីក្រុងមូស្គូ សម្រាប់សន្តិភាព នៅតែមិនអាចទទួលយកបានទាំងសម្រាប់ទីក្រុងគីវ និងដៃគូលោកខាងលិចរបស់អ៊ុយក្រែន។ ហើយវិមានក្រឹមឡាំងផ្ទាល់ក៏បានបដិសេធម្តងហើយម្តងទៀតនូវសំណើរបស់ទីក្រុងគីវ ដើម្បីឲ្យមានជំនួប រវាងលោក Zelensky និងលោក Putin៕