លោក Karol Nawrocki ដែលជាអ្នកប្រវត្តិសាស្រ្តអភិរក្សនិយម និងជាអ្នកគាំទ្រចលនា MAGA (ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត) របស់លោក Donald Trump នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីប៉ូឡូញ នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ ដោយបង្កើតដំណាក់កាលប្រឈមជាមួយរដ្ឋាភិបាលកណ្តាលនិយម និងទំនាក់ទំនងនាពេលខាងមុខជាមួយអ៊ុយក្រែន។
ជ័យជម្នះនៃការបោះឆ្នោតរបស់លោក Nawrocki ដែលត្រូវបានគាំទ្រដោយគណបក្សប្រឆាំងជាតិនិយមច្បាប់ និងយុត្តិធម៌ (PiS) បានធ្វើឲ្យមានផលប៉ះពាល់ដល់ក្តីសង្ឃឹមរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk ក្នុងការពង្រឹងផ្លូវគាំទ្រសហភាពអឺរ៉ុប ដែលលោកបានកំណត់សម្រាប់សមាជិកភាគខាងកើតដ៏ច្រើនបំផុតរបស់ប្លុកនេះ ហើយបានធ្វើឲ្យរដ្ឋាភិបាលរបស់លោក មានភាពច្របូកច្របល់ ក្នុងការបោះឆ្នោត។

ឥឡូវនេះ ប៉ូឡូញកំពុងត្រៀមប្រឈម សម្រាប់ការបន្តនៃភាពជាប់គាំងដែលឃើញនៅក្រោមការចាកចេញរបស់លោកប្រធានាធិបតី Andrzej Duda ដោយលោក Nawrocki អាចប្រើអំណាចវេតូរបស់ខ្លួន ដើម្បីរារាំងរបៀបវារៈរបស់រដ្ឋាភិបាលដែលរួមបញ្ចូលទាំងការដកចេញវិធានការកំណែទម្រង់ប្រព័ន្ធតុលាការ ដែលត្រូវបានអនុវត្តដោយគណបក្ស PiS ជាអ្វីដែលអ្នករិះគន់បានលើកឡើងថា បានធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ។
លោក Nawrocki ក៏មើលទៅហាក់ដូចជាបង្កជាបញ្ហាដល់រដ្ឋាភិបាលផងដែរ ដោយការស្នើឡើងនូវវិធានការនានា ដូចជាការកាត់បន្ថយពន្ធ ដែលទំនងជាទទួលបានការគាំទ្រពីអ្នកបោះឆ្នោតជាច្រើន ប៉ុន្តែពិបាកឲ្យរដ្ឋាភិបាលអនុវត្តបាន ដោសារកញ្ចប់ថវិកាមានកម្រិត។
ទន្ទឹមនឹងនោះ លោកប្រធានាធិបតីដែលនឹងចូលកាន់តំណែង បាននិយាយថា បច្ចុប្បន្នលោកមើលមិនឃើញកន្លែង សម្រាប់អ៊ុយក្រែន នៅក្នុងអង្គការណាតូ ឬសហភាពអឺរ៉ុបឡើយ ដែលជាការផ្លាស់ប្តូរគោលជំហរគួរឲ្យកត់សម្គាល់ ខុសពីលោក Duda។ ក្នុងនាមជាប្រធានាធិបតី លោក Nawrocki នឹងត្រូវចុះហត្ថលេខាលើការផ្តល់សច្ចាប័នរបស់ប៉ូឡូញ ចំពោះសមាជិកថ្មីដែលចូលរួមជាមួយអង្គការណាតូ៕
