អ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធដែលគ្រប់គ្រងតំបន់នោះ នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ទឹកជំនន់រដូវមូសុង បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ នៅក្នុងទីក្រុងគ្រប់គ្រងដោយពួកឧទ្ទាមរបស់សហភាពមីយ៉ាន់ម៉ា នៅតាមបណ្ដោយព្រំដែនភ្នំរបស់ប្រទេសនេះជាមួយប្រទេសចិន។
ទីក្រុង Laiza ភាគខាងជើងជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន បានរាយការណ៍ពីការមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ចាប់តាំងពីព្រឹកថ្ងៃទី៤ ខែសីហា នៅពេលដែលទឹកភក់កម្ពស់ចង្កេះភ្នំ ចាប់ផ្តើមហូរតាមដងផ្លូវនានា។

ទីក្រុង Laiza គឺជាបន្ទាយដ៏រឹងមាំរបស់កងទ័ពឯករាជ្យ Kachin (KIA) ដែលបានគ្រប់គ្រងដែនដីជនជាតិភាគតិចរបស់ខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ ហើយបានលេចឡើងក្នុងនាមជាក្រុមដ៏មានឥទ្ធិពលបំផុតមួយ នៅក្នុងសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា។
លោក Naw Bu អ្នកនាំពាក្យរបស់កងទ័ព KIA បាននិយាយថា៖ «ទឹកយ៉ាងច្រើនបានហូរចុះពីភ្នំទៅទន្លេ»។ ហើយលោកបានបន្ថែមថា៖ «កម្លាំងទឹកហូរគឺខ្លាំងណាស់ ហើយបំផ្លាញតំបន់ជុំវិញទន្លេ។ មនុស្ស ៦នាក់បានបាត់បង់ជីវិត ក្នុងទឹកជំនន់ ហើយផ្ទះសម្បែងយ៉ាងតិច ១០០ខ្នង ត្រូវបំផ្លិចបំផ្លាញ»។
ជាមួយគ្នានេះ លោកបានប្រាប់ទៀតថាថា ប្រតិបត្តិការជួយសង្គ្រោះ បានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែសីហា ប៉ុន្តែត្រូវបានជួបឧបសគ្គដោយសារការដាច់ផ្លូវ។
អ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «ផ្លូវទាំងអស់ត្រូវរងការខូចខាចត ហើយផ្លូវជាច្រើនបានលិចបាត់នៅក្នុងតំបន់មួយចំនួន។ ទឹកបានឡើងយ៉ាងលឿនភ្លាមៗតែម្ដង»៕
