ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃពុធនេះថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់ នៅពេលដែលរថយន្តជំនួយមួយគ្រឿង បានក្រឡាប់ នៅជិតជំរំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះ លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា៖«មនុស្ស ២០នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត រងរបួស នៅពាក់កណ្តាលអធ្រាត្រយប់ថ្ងៃអង្គារ នៅក្នុងរថយន្តដឹកជំនួយ បានក្រឡាប់… ខណៈពេលដែលជនស៊ីវិលរាប់រយនាក់ កំពុងរង់ចាំជំនួយ» ។

ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ខំឲ្យអ្នកបើកបររថយន្តដឹកផ្លូវមិនមានសុវត្ថិភាពដើម្បីទៅដល់មជ្ឈមណ្ឌលចែកចាយជំនួយ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជារឿយៗ នេះ នាំឲ្យហ្វូងមនុស្សអស់សង្ឃឹមមកចោមរោមរថយន្តដឹកជំនួយ»។
ទន្ទឹមនឹងនេះដែរ ប្រទេសហ្ស៊កដានី បាននិយាយថា អ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានវាយប្រហារក្បួនរថយន្តផ្តល់ជំនួយ នៅតំបន់ហ្កាហ្សា នៅថ្ងៃពុធនេះ ក្នុងឧប្បត្តិហេតុលើកទី២ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយចោទប្រកាន់អ៊ីស្រាអែលថា មិនបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការវាយលុកដដែលៗឡើយ។
