អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យមនុស្ស ១០នាក់ផ្សេងទៀត រងរបួស រួមទាំងកុមារ ៤នាក់ផងដែរនៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន ។
លោក Fedorov និយាយថា កងកម្លាំងរុស្ស៊ីបើកការវាយប្រហារ ៥៦៧លើកក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រហូតឈានចូលដល់ព្រឹកថ្ងៃពុធ នៅទីតាំងតំបន់រស់នៅ ១៦កន្លែង នៅក្នុងតំបន់មួយនេះ ។
តំបន់ Zaporizhzhia បានក្លាយជាខ្សែត្រៀមជួរមុខនៅក្នុងសង្រ្គាមដែលរុស្ស៊ី បានបើកការវាយលុកពេញបន្ទុករបស់ពួកគេ មកលើប្រទេសជិតខាងតូចទាបជាងខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
លោក Fedorov និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា អគារយ៉ាងហោច ៩ខ្នង រងការខូចខាត នៅក្នុងការវាយប្រហារនាព្រឹកមិញនេះលើទីក្រុង Zaporizhzhia មួយគត់ ។ លោកបន្តថា សេវាកម្មសង្រ្គោះបន្ទាន់ បន្តឆ្លើយតបនៅលើដី ។
សូមបញ្ជាក់ថា ទីក្រុង Zaporizhzhia គឺជាមជ្ឈមណ្ឌលរដ្ឋបាលរបស់តំបន់ធំទូលាយមួយនេះ ៕