សម្តេច ប៉ាប ឡេអូ (Pope Leo) នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ បានរិះគន់ «សន្តិសុខបំភ័ន្ត» ជុំវិញប្រព័ន្ធការពារនុយក្លេអ៊ែរសកល ដែលជាការអំពាវនាវមួយ នៅថ្ងៃរំលឹកខួបលើកទី៨០ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក លើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន អំឡុងចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។
អំឡុងពេលយាងជួបអ្នកចូលរួមស្ដាប់ព្រះបន្ទូលព្រះអង្គប្រចាំសប្តាហ៍ សម្ដេច Leo ដែលជាសម្តេចប៉ាបដំបូងប្រសូត នៅសហរដ្ឋអាមេរិក បានមានបន្ទូលថា ការបំផ្លិចបំផ្លាញនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលបានឆក់យកមនុស្សប្រហែល ៧៨.០០០នាក់ភ្លាមៗ គួរតែត្រូវបានយកមកធ្វើជាមេរៀន ហើយក្លាយជា «ការព្រមានជាសកលប្រឆាំងនឹងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីអាវុធនុយក្លេអ៊ែរ»។
សម្ដេចសង្ឃកាតូលិកអង្គនេះ បានមានបន្ទូលទៀតថា៖ «ខ្ញុំសង្ឃឹមថា នៅក្នុងពិភពលោកសហសម័យដែលត្រូវបានសម្គាល់ដោយភាពតានតឹងខ្លាំងក្លា និងជម្លោះបង្ហូរឈាមនោះ សន្តិសុខបំភ័ន្ត ដែលផ្អែកលើការគំរាមកំហែងបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក នឹងផ្តល់នូវមធ្យោបាយឆ្ពោះទៅរកការអនុវត្តនៃការសន្ទនាគ្នា»។
បើទោះបីវិហារកាតូលិកអស់រយៈពេលជាច្រើនទសវត្សរ៍ បានផ្តល់ការទទួលយកដោយស្ងប់ស្ងៀម ចំពោះប្រព័ន្ធការពារនុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍនៅក្នុងសម័យសង្គ្រាមត្រជាក់ក៏ដោយ ក៏សម្តេច ប៉ាប ហ្វ្រង់ស៊ីស ដែលជាសម្ដេចសង្ឃមុនព្រះអង្គ Leo បានផ្លាស់ប្តូរការបង្រៀនរបស់សាសនា ហើយថ្កោលទោសការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ៕