ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី បានរារាំងដល់កិច្ចខិតខំជួយសង្រ្គោះនៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌានាថ្ងៃពុធនេះ ខណៈមនុស្សជាង ១០០នាក់កំពុងបាត់ខ្លួន ។
ចំណែកឯផ្លូវបិត ក៏បានរារាំងផងដែរដល់ប្រតិបត្តិការជួយសង្រ្គោះ នៅរដ្ឋតំបន់ភ្នំហិម៉ាឡៃ Uttarakhand រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយទឹកជំនន់ និងបំណាក់ដីដ៏គំហុក បានសម្លាប់មនុស្ស ៤នាក់ ។
ក្រុមអាជ្ញាធរ បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញប្រតិបត្តការជួយសង្រ្គោះ កំពុងធ្វើឡើង ស្របពេលទឹកជំនន់ដ៏គំហុកហូរលើជើងភ្នំរងការខូចខាត និងដងផ្លូវ ។
លោក Pushkar Singh Dhami គឺជារដ្ឋមន្រ្តីប្រចាំរដ្ឋ Uttarakhand និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ANIថា មនុស្សប្រហែល ១៩០នាក់ ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអង្គារ ហើយឧទ្ធម្ភាគចក្រ ត្រូវបានឈរជើង ដើម្បីផ្តល់គ្រឿងផ្គត់ផ្គង់ដល់អ្នកជាប់ខ្លួននៅតំបន់រងផលប៉ះពាល់ ។
នគរបាលរដ្ឋ Uttarakhand និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ទំនងជាមាននូវការខូចខាតច្រើន ដោយសារកម្រិតទឹកកើនឡើងនៅតំបន់ Harshil ស្ថិតទីក្រុង Uttarkashi ហើយពួកគេស្នើសុំឲ្យអ្នកស្រុកនៅឆ្ងាយពីមាត់ទន្លេ ។
រដ្ឋ Uttarakhand ដែលស្ថិតនៅតំបន់ភ្នំហិម៉ាឡៃ បានមើលឃើញចំនួនកើនឡើងទឹកជំនន់ដ៏គំហុក និងបំណាក់ដី ក្នុងនោះក្រុមអ្នកជំនាញមួយចំនួន បានដាក់ការស្តីបន្ទោសលើបញ្ហាបម្រែបម្រួលអាកាសធាតុ ៕