យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនយ៉ាងហោច ១៣៥នាក់ រួមទាំងក្រុមអ្នកស្វែងរកជំនួយ ៨៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៧៧១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅទូទាំងតំបន់ហ្កាហ្សា ។
ក្រសួងបន្តថា ចំណែកឯចំនួនមនុស្សដែលដាច់បាយស្លាប់នៅក្នុងដែននដីមួយនេះ អំឡុងសង្រ្គាមអ៊ីស្រាអែល បានកើនឡើងដល់ ១៩៣នាក់ ក្នុងនោះមនុស្ស ៥នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
ដោយឡែក ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃពុធនេះថា មនុស្ស ២០នាក់ បានស្លាប់ នៅពេលដែលរថយន្តដឹកជំនួយមួយគ្រឿង បានក្រឡាប់ នៅជិតជំរំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ។
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានបង្ខំឲ្យអ្នកបើកបររថយន្តដឹកផ្លូវមិនមានសុវត្ថិភាពដើម្បីទៅដល់មជ្ឈមណ្ឌលចែកចាយជំនួយ ៕