យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប៉ាគីស្ថានបានចាប់ផ្តើមនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានមានឯកសារ នៅមុនថ្ងៃកំណត់ ពោលគឺជាពេលដែលតម្រូវឲ្យពួកគេចាកចេញ ជាវិធានការមួយដែលអាចឃើញជនជាតិអាហ្វហ្គានីស្ថានជាង ១លាននាក់ ត្រូវបានបណ្តេញចេញពីប្រទេសនេះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រាប់ឲ្យដឹងថា ខ្លួនបានទទួលរបាយការណ៍នៃការចាប់ខ្លួន និងការបណ្តេញជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានចុះបញ្ជីស្របច្បាប់ នៅទូទាំងប្រទេស មុនកាលកំណត់ថ្ងៃទី១ ខែកញ្ញា ជាពេលដែលប៉ាគីស្ថានតម្រូវឲ្យពួកគេចាកចេញ។
UNHCR បានលើកឡើងថា ការបញ្ជូនជនជាតិអាហ្វហ្គានីស្ថានមកវិញ តាមវិធីនេះ គឺជាការបំពានលើកាតព្វកិច្ចអន្តរជាតិរបស់ប៉ាគីស្ថាន។
ស្ថាប័ននេះបានឲ្យដឹនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «UNHCR កំពុងអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបញ្ជូនត្រលប់ដោយបង្ខំ និងប្រកាន់យកនូវវិធីសាស្រ្តមនុស្សធម៌ ដើម្បីធានាឲ្យមានការវិលត្រលប់របស់ជនជាតិអាហ្វហ្គានីស្ថានដោយស្ម័គ្រចិត្ត បន្តិចម្តងៗ និងប្រកបដោយសេចក្តីថ្លៃថ្នូរ»។
ក្រសួងមហាផ្ទៃមិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយ។ ជនជាតិអាហ្វហ្គានីស្ថានជាង ១,៣លាននាក់កាន់ឯកសារដែលគេស្គាល់ថា ជាប័ណ្ណបញ្ជាក់ការចុះឈ្មោះ ខណៈដែល ៧៥០.០០០នាក់ទៀត មានទម្រង់នៃការចុះឈ្មោះមួយផ្សេងទៀតដែលគេស្គាល់ថា ជាប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន៕