ពេលចុះខ្សោយកម្លាំងដោយសារភាពអត់ឃ្លាន ពលរដ្ឋហ្កាហ្សាធ្វើដំណើរឆ្លងកាត់ទិដ្ឋភាពបាក់បែកជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកទឹកស្អាតរបស់ពួកគេ និងទឹកបោកគក់ គឺជាបន្ទុកដ៏ឈឺចាប់មួយដែលមិនធ្វើឲ្យមនុស្សមានសុខភាពនោះឡើយ ។
បើទោះបីជាជាការយកចិត្តទុកដាក់សកលបានងាកមកផ្តោតសំខាន់លើភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា ជាទីដែលសង្រ្គាមខ្ទេចខ្ទាំរយៈពេល ២២ខែរបស់អ៊ីស្រាអែលធ្វើឲ្យក្រុមតាមដានសកលនិយាយថា សេណារីយោគ្រោះទុរ្ភិក្សកំពុងលិចចេញជារូបរាងឡើងនោះ វិបត្តិទឹកនៅតែជាបញ្ហាធ្ងន់ធ្ងរដដែល ។
ទោះបីជាទឹកខ្លះទទួលបានពីរោងចក្របន្សុតទឹកខ្នាតតូចគ្រប់គ្រងដោយទីភ្នាក់ងារជំនួយយ៉ាងណាក្តី ភាគច្រើននៃទឹកខ្លះទៀត បូមចេញពីអណ្តូងទឹកដែលត្រូវបានធ្វើឲ្យកខ្វក់ដោយសារទឹកស្អុយ និងសារធាតុគីមីជ្រាបចូលតាមគំនរបាក់បែកអគារ ធ្វើឲ្យរីករាលដាលជំងឺអាសន្នរោគ និងជំងឺរលាកថ្លើម ។
បំពង់បង្ហូរទឹកអ៊ីស្រាអែលដែលធ្លាប់ផ្គត់ផ្គង់ដល់តំបន់ហ្កាហ្សាជាមួយទឹកស្អាត បច្ចុប្បន្នរីងស្ងួតអស់ទៅហើយ ។
អ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតទាំងស្រុង ចូលទៅក្នុងតំបន់ហ្កាហ្សា នៅពេលសង្រ្គាមផ្ទុះឡើង ។ បើទោះបីជាក្រោយមកពួកគេចាប់ផ្តើមផ្គត់ផ្គង់ឡើងវិញខ្លះក្តី តែបំពង់បង្ហូរទឹក បានខូចអស់ទៅហើយ ហើយក្រុមរដ្ឋករទឹកហ្កាហ្សា និយាយថា គ្មានទឹកចូលនោះទេ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ។
ទីភ្នាក់ងារ COGAT ដែលជាទីភ្នាក់ងារសម្របសម្រួលជំនួយយោធាអ៊ីស្រាអែល ពុំបានឆ្លើយតបនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយថាតើ អ៊ីស្រាអែលមានបានផ្គត់ផ្គង់ទឹកស្អាតដែរឬទេ ៕