ភ្នំពេញ ៖ CTG & CIMIF 2025 បានបើកសម្ពោធពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅក្នុងស្រុក និងជាវេទិកាយុទ្ធសាស្ត្រមួយ គាំទ្រដល់ចក្ខុវិស័យរយៈវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
CTG & CIMIF 2025, បានបើកសម្ពោធជាផ្លូវការ លើការតាំងពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយពិធីនេះទទួលស្វាគមន៍ពីភ្ញៀវកិត្តិយសជាច្រើន ទាំងជាតិ និងអន្ដរជាតិរួមមាន៖ សមាគម, តំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវាយនភ័ណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងកម្ពុជា។
CTG & CIMIF 2025, គឺជាវេទិការដ៏សំខាន់មួយសម្រាប់អ្នកជំនាញអ្នកធ្វើការច្នៃប្រឌិត និងវិនិយោគិន ដើម្បីស្វែងយល់ អំពីទិដ្ឋភាពឧស្សាហកម្មផលិតកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ព្រឹត្តការណ៍ពិព័រណ៍នេះដែរ មាន ចំនួនស្តង់ដាក់បង្ហាញជាង ២០០ ស្តង់ មកពីប្រទេសនិងតំបន់ចំនួន ១៥ ផេ្សងៗគ្នារួមមាន៖ អាល់ហ្សេរី, បង់ក្លាដេស, កម្ពុជា, ចិន, ឥណ្ឌា, ជប៉ុន, ប៉ូឡូញ, សិង្ហបុរី, អាហ្វ្រិកខាងត្បូង, អេស្បាញ, ស្វីស, តៃវ៉ាន់, តួកគី, សហរដ្ឋអាមេរិក, និងវៀតណាម នឹងដាក់បង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុត លើផ្ទៃដីនៃការតាំងពិព័រណ៍ជាង ៦.០០០ ម៉ែត្រការ៉េ។
ការតាំងពិព័រណ៍ដ៏មានឥទ្ធិពល CTG & CIMIF 2025 ដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មអន្តរជាតិ នៅពេលដែល វិស័យផលិតកម្មរបស់កម្ពុជា កំពុងចូលទៅក្នុងយុគសម័យថ្មី នៃការរីកចម្រើនទំនើប និងភាពចម្រុះ CTG 2025 និង CIMIF 2025 ត្រៀមបង្ហាញបច្ចេកវិទ្យាឈានមុខគេ ក្នុងវិស័យសម្លៀកបំពាក់វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ឧស្សាហកម្មយានយន្ត និងផ្នែក កសិកម្ម។ ស្របពេលជាមួយគ្នា CIMIF 2025 នឹងបង្ហាញពីការជំរុញក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា ផ្តល់នូវដំណោះស្រាយបច្ចេក វិទ្យាជាច្រើនវិស័យ។
នៅក្នុងជំហរលើសេដ្ឋកិច្ចកំពុងរីកចម្រើន, វិស័យផលិតកម្មរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងមានការលូតលាស់ចំនួន ៨,៦% នៅឆ្នាំ២០២៥ ខណៈដែលផលិតផលឧស្សាហកម្ម នឹងកើនឡើង ៩,៣% នៅឆ្នាំ២០២៦ ក្នុងពេលដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែជាកំណើនស្នូលនៃសេដ្ឋកិច្ចថែម ទាំងមានវិស័យថ្មីៗដូចជា ឧបករណ៍អេឡិចត្រូនិក ការកែច្នៃអាហារ និងគ្រឿង សង្ហារឹមបែបម៉ូឌុល ក៏កំពុងទទួលបានកំណើនយ៉ាងចំណាប់អារម្មណ៍ផងដែរ។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ គឺជាចលករសម្រាប់ការប្រែប្រួលវិស័យឧស្សាហកម្ម ក្នុងនោះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ក្នុងពិព័រណ៍នេះនិងរៀបចំកិច្ចពិភាក្សា មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញវិស័យឧស្សាហកម្ម ពិភាក្សាលើប្រធានបទ សំខាន់ៗ ដែលកំពុងបង្កើត នឹងបំលែងអនាគតវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ដោយពិភាក្សាពីវិស័យចម្បងៗដូចជា៖ ការរីក ចម្រើនផ្នែកបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម និងការរួមបញ្ចូលជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយផ្តល់ នូវចំណេះដឹងដល់អ្នកចូលរួម សម្រាប់ជួយដោះស្រាយបញ្ហាបច្ចុប្បន្ន និងទទួលយកឱកាសថ្មីៗបន្ថែម៕
អត្ថបទ៖ សុន រ៉ាឌី









