ភ្នំពេញ៖ ឆេះរថយន្តមួយគ្រឿងលើស្ពានព្រែកព្នៅ បង្កការ កក់ស្ទះចរាចរណ៍ពេញផ្លូវ តែសំណាងល្អមិនបង្ករបួសដល់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២២ ចំណុចលើស្ពាន ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក មួយគ្រឿង ស្លាក់លេខភ្នំពេញ 2AA 2852 ដឹកមនុស្សចំនួន០៥នាក់ ធ្វើដំណើរឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចលើស្ពានរថយន្តស្រាប់តែឆ្លងចរន្ត មានផ្សែងហ៊ុយ ពេលនពេលនោះម្ចាស់រថយន្តបានឈប់រថយន្តបើកដំបូលមុខមើលម៉ាស៉ីន ឃើញមានផ្សែងហ៊ុយផងនិងោះបានយកទឹកដែលមាននៅក្នុងរថយន្តមកចាក់ពន្លត់តែមិនរលត់ ក៏បានរត់ចុះមកក្រោមដើម្បីសុំការជំនួយ និងបងប្អូនប្រជាពលរដ្ឋជួយទំនាក់ទំនងទៅសមត្ថកិច្ច ការិយាល័យបង្កានិងពន្លត់អគ្គីភ័យជួយចេញរថយន្តអន្តរាគមន៍។
តែដោយការឆាបឆេះលឿនពេក រថយន្តពន្លត់អគ្គីភ័យបានទៅកន្លែងកើតហេតុចំនួន០៣ដើម្បីបាញ់ពន្លត់ ប៉ុន្តែរថយន្តត្រូវបានអគ្គីភ័យឆាបឆេះអស់ទៅហើយ នៅសល់តែគ្រោងឆ្អឹងរថយន្តប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរក្នុងហេតុការណ៍មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ ខូចខាត់សម្ភារៈក្នុងរថយន្ត និងបង្កការកក់ស្ទះចរាចរណ៍លើដងស្ពាន៕អត្ថបទ៖ កុម្ភះ







