ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលកំពុងប្រឈមពន្ធនាំចូល ៥០% ពីសហរដ្ឋអាមេរិក បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (០៦ សីហា) ថា លោកមានគម្រោងកោះប្រជុំជាមួយមេដឹកនាំឥណ្ឌា និងចិន ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមគ្នារបស់ក្រុមប្រទេស BRICS ចំពោះការយកពន្ធលើការនាំចូលរបស់ទីក្រុងវ៉ាស៊ីនតោន ដែលដាក់ដោយលោកប្រធានាធិបតី Donald Trump ។

ផែនការនេះកើតឡើងស្របពេលសេចក្ដីរាយការណ៍ថា ប្រេស៊ីលបានស្នើសុំការពិគ្រោះយោបល់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីជួយសម្រាលបន្ទុកពន្ធរបស់លោក Trump។
លោក Lula បាននិយាយថា "អ្វីដែលលោកប្រធានាធិបតី Trump កំពុងធ្វើគឺមានភាពបញ្ឆិតបញ្ឆៀង - លោកចង់លុបបំបាត់ពហុភាគីនិយម ដែលកិច្ចព្រមព្រៀងត្រូវធ្វើឡើងជាសមូហភាពក្នុងស្ថាប័ន ហើយជំនួសមកវិញដោយឯកតោភាគីនិយម ដែលលោកអាចចរចាមួយទល់មួយជាមួយប្រទេសដទៃ"។
លោក Lula បន្ថែមថាលោកនឹងបើកកិច្ចសន្ទនាមួយនៅក្រុមប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង BRICS រកមធ្យោបាយដោះស្រាយពន្ធរបស់លោក Trump។ លោក Trump ធ្លាប់ហៅ BRICS ថាជាក្រុម "ប្រឆាំងអាមេរិក" ហើយបានគំរាមដាក់ពន្ធបន្ថែម ១០% លើទំនិញនាំចូលពីប្រទេសទាំងនោះកាលពីខែមុន។
ជាមួយគ្នានេះ ក្រុមមន្រ្តីបាននិយាយថា រដ្ឋាភិបាលរបស់លោក Lula បានដាក់សំណើទៅអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រាប់ការពិគ្រោះយោបល់ ដើម្បីជួយបន្ធូរបន្ថយពន្ធដ៏ច្រើនដែលអាមេរិក ដាក់លើប្រេស៊ីល៕

