ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា ភ្លៀងធ្លាក់យ៉ាងគំហុក ផ្លូវបាក់ស្រុត និងការដួលរលំខ្សែបណ្តាញអគ្គិសនី បានបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតំបន់ភ្នំហិម៉ាឡៃរបស់ប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ដ៏គំហុក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ក្រុមមន្ត្រីបាននិយាយថា ការបញ្ជាក់ពីចំនួនអ្នកស្លាប់ឲ្យបានច្បាស់លាស់អាចចំណាយពេលដល់ទៅមួយសប្តាហ៍ ដោយព្រមានថាចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងខ្ពស់។
កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ លោក Pushkar Singh Dhami រដ្ឋមន្ត្រីប្រចាំរដ្ឋ របស់រដ្ឋ Uttarakhand ភាគខាងជើងរបស់ប្រទេសឥណ្ឌា បានប្រាប់សារព័ត៌មានឥណ្ឌាថា មនុស្សយ៉ាងហោចណាស់ ១៩០ នាក់ត្រូវបានជួយសង្គ្រោះពីកម្ទេចកម្ទីផ្សេងៗ បន្ទាប់ពីទឹកលាយល្បប់បានហូរចូលភូមិ Dharali មួយថ្ងៃមុន គ្របដណ្ដប់លើអគារនានា និងកប់តំបន់នោះ។
យោងតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយស្រុកបានឲ្យដឹងថា ផ្សារកណ្តាលក្រុងមួយ ត្រូវបានបំផ្លាញ ហើយផ្លូវថ្នល់ត្រូវបានខូចខាត និងពិបាកធ្វើដំណើរ។
ការិយាល័យដដែលបានបន្ថែមថា ប្រជាជននៅតំបន់នោះត្រូវបានជម្លៀសទៅកាន់ទីតាំងនានា ហើយគ្រួសារជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារចង់ដឹងពីជោគវាសនារបស់សាច់ញាតិដែលជាប់ក្នុងគ្រោះធម្មជាតិនេះ៕

