ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់រាលដាល និងបំណាក់ដីនៅទូទាំងប្រទេសចិនភាគខាងត្បូងកាលពីថ្ងៃពុធ (៦ សីហា) បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញ ខណៈអង្គភាពសេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងអគារបាក់រលំ និងផ្លូវជន់លិចទឹក។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សជាង៧៥.០០០នាក់នៅក្នុងខេត្តក្វាងទុង ត្រូវបានជម្លៀសចេញនៅវេលាថ្ងៃត្រង់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានធ្វើឱ្យជន់លិចទីក្រុង និងតំបន់ជនបទ។
បំណាក់ដីដ៏ធំ បានវាយប្រហារភូមិ Dayuan ក្នុងក្រុងក្វាងចូវ(Guangzhou) ដោយបានបណ្តាលឲ្យមនុស្ស១៤នាក់ជាប់ខ្លួននៅក្រោមគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះ បានសង្គ្រោះអ្នកនៅរស់រានមានជីវិតបានចំនួន៧នាក់។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច បានឡើងលើសំណង់បាក់រលំដែលត្រូវបានហ៊ុមព័ទ្ធដោយដីល្បប់ និងបេតុងបាក់។

ទូរទស្សន៍ CCTV បានបង្ហាញជំនន់ទឹកភ្លៀងមានជម្រៅត្រឹមចង្កេះហូរកាត់ដងផ្លូវនានាក្នុងខេត្ត Guangdong និងខេត្ត Guangxi ដែលនៅជិតខាង ដោយអ្នកស្រុកជាប់ខ្លួនបានតោងរថយន្តដែលលិចទឹកដោយផ្នែក និងប្រើប្រាស់ក្បូនបណ្តោះអាសន្ន។