ប្រភពត៌មានរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធ (៦ សីហា) ថា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង៧ឆ្នាំមកនេះ ជាសញ្ញាមួយបន្ថែមទៀតនៃភាពបាក់បែកផ្នែកការទូតខណៈភាពតានតឹងកើនឡើងរវាងទីក្រុងប៉េងកាំងនិងសហរដ្ឋអាមេរិក។

លោក Modi នឹងធ្វើដំណើរទៅប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃពហុភាគី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា នេះបើយោងតាមប្រភពព័ត៌មានរដ្ឋាភិបាលដែលដឹងអំពីបញ្ហា បានប្រាប់សារព័ត៌មានរ៉យទ័រ។
ដំណើរទស្សនកិច្ចរបស់លោកនឹងធ្វើឡើងនៅពេលដែលទំនាក់ទំនងរបស់ប្រទេសឥណ្ឌាជាមួយអាមេរិកប្រឈមនឹងវិបត្តិធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដាក់ការដំឡើងពន្ធខ្ពស់បំផុតក្នុងចំណោមប្រទេសនៅអាស៊ីលើទំនិញដែលនាំចូលពីប្រទេសឥណ្ឌា ហើយបានគំរាមពិន័យបន្ថែមទៀតសម្រាប់ការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវឌេលី។
ដំណើរទស្សនកិច្ចរបស់លោក Modi ទៅកាន់ទីក្រុង Tianjin របស់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃពហុភាគីជាក្រុមនយោបាយនិងសន្តិសុខអាស៊ីអឺរ៉ុប ដែលរួមមានទាំងរុស្ស៊ី នឹងជាលើកទីមួយរបស់លោកចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨។
ទំនាក់ទំនងរវាងប្រទេសចិន-ឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយយោធានៅតាមព្រំដែនតំបន់ភ្នំហិម៉ាឡៃ ដែលមានជម្លោះនៅក្នុងឆ្នាំ២០២០។

