មន្ត្រីយោធារបស់ភាគីទាំងពីរបាននិយាយក្នុងថ្ងៃព្រហស្បតិ៍ (០៧ សីហា) នេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយ ដែលចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា ខាងមុខ ដោយបានប្រកាសពីសមយុទ្ធការពារប្រចាំឆ្នាំ ដែលជាប្រភពនៃភាពតានតឹងជាមួយកូរ៉េខាងជើង។

លោក Lee Sung-jun អ្នកនាំពាក្យនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា សមយុទ្ធប្រចាំឆ្នាំរយៈពេល ១១ថ្ងៃ ដែលមានឈ្មោះថាខែលការពារសេរីភាព Ulchi នឹងត្រូវបានកែសម្រួលនៅឆ្នាំនេះ ដោយកំណត់កាលវិភាគឡើងវិញនៃព្រឹត្តិការណ៍ហ្វឹកហ្វឺនចំនួន២០ ក្នុងចំណោម ៤០ លើកទៅខែកញ្ញា។
លោក Lee និយាយថា ការសម្រេចចិត្តផ្សព្វផ្សាយកាលវិភាគនេះ រួមមានហេតុផលដូចជាបញ្ហាអាកាសធាតុអាក្រក់ ដោយលោកបដិសេធថា ពុំមានកត្តានយោបាយណាមួយពីក្រោយការផ្លាស់ប្តូរនោះទេ។ ដោយលើកឡើងពីជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា លោក Lee និយាយថា សមយុទ្ធនៅឆ្នាំនេះនឹងសាកល្បងការឆ្លើយតបដែលបានធ្វើឱ្យប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗដែលប្រើប្រាស់ក្នុងសង្គ្រាមសម័យទំនើប។
លោកបន្ថែមថា សមយុទ្ធដែលនឹងមានការចូលរួមពីទាហានកូរ៉េខាងត្បូងប្រមាណ ១៨.០០០នាក់នេះ នឹងរួមបញ្ចូលសេណារីយ៉ូមួយស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែនឹងមិនគ្របដណ្តប់លទ្ធភាពនៃការសាកល្បងនុយក្លេអ៊ែដោយទីក្រុងព្យុងយ៉ាងនោះទេ។ កូរ៉េខាងជើង បានថ្កោលទោសជាយូរមកហើយនូវសមយុទ្ធរួមរវាងអាមេរិក និងកូរ៉េខាងត្បូង ថាជាការហាត់សមសម្រាប់ការឈ្លានពាន៕

