ក្រុមអ្នកពន្លត់អគ្គិភ័យបារាំង រាប់ពាន់នាក់កំពុងប្រឹងប្រែងកាលពីថ្ងៃពុធ (០៦ សីហា) ដើម្បីគ្រប់គ្រងចំហេះព្រៃដ៏ធំបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជិត ៨០ឆ្នាំ ដោយអណ្ដាតភ្លើងនៅតំបន់ អ៊ូដឺ (Aude) ភាគខាងត្បូង បានលេបត្របាក់តំបន់ធំជាងទីក្រុងប៉ារីស រួចទៅហើយ។ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងប្រមាណ ១១នាក់ផ្សេងទៀតរងរបួស ដោយសារចំហេះដ៏ខ្លាំងក្លានេះ ដោយក្រុមពន្លត់អគ្គីភ័យជិត ២.០០០នាក់កំពុងទប់ស្កាត់អណ្តាតភ្លើង។

អាជ្ញាធរនិយាយថា មនុស្សម្នាក់ដែលស្លាប់នោះគឺនៅក្នុងភូមិ សាំងឡូរ៉ង់ ដឺឡា កាបេអឺរីស (Saint-Laurent-de-la-Cabrerisse) ប្រហែល ៣០គីឡូម៉ែត្រពីទីក្រុង ពែពីងញ៉ុង (Perpignan)។ អណ្ដាតភ្លើងដែលរាលដាលយ៉ាងលឿនតាមចន្លោះព្រៃនិងភូមិ បានឆេះលំនៅឋានផ្ទះយ៉ាងតិច ២៥ខ្នង បង្ខំឱ្យអ្នកស្រុក និងអ្នកទេសចររត់គេចខ្លួន ហើយផ្លូវជាច្រើនត្រូវបានបិទ។
រហូតមកដល់ពេលនេះ ផ្ទៃដីជាង ១៥.០០០ហិកតា បានឆេះខ្ទេចខ្ទី។ រដ្ឋមន្ត្រីមហាផ្ទៃ លោក ប្រុយណូ រ៉េតៃឡូ (Bruno Retailleau) និយាយថា តួលេខនោះប្រហាក់ប្រហែលនឹងផ្ទៃដីសរុបដែលឆាបឆេះទូទាំងបារាំង ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយក៏ជាតំបន់ធំបំផុតដែលត្រូវបំផ្លាញដោយចំហេះតែមួយកន្លែងនៅបារាំង ចាប់តាំងពីឆ្នាំ១៩៤៩ មក។
នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វ័រ បាយរូ (Francois Bayrou) បានប្រាប់អ្នកសារព័ត៌មានអំឡុងទស្សនកិច្ចទីក្រុងដែលរងផលប៉ះពាល់ថា "នេះជាគ្រោះមហន្តរាយដ៏ធំនៃទំហំដែលមិនធ្លាប់មានពីមុនមក" ដោយបន្ថែមថា ការស៊ើបអង្កេតលើមូលហេតុនៃចំហេះកំពុងបន្ត៕

