សហរដ្ឋអាមេរិក៖ រដ្ឋបាលទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធលោកស្រី Deanne Criswell បានប្រកាសថា ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងត្រូវបានបញ្ជូនទៅកាន់រដ្ឋចំនួន ៦ ដែលកំពុងមើលឃើញមន្ទីរពេទ្យស្ថិតនៅក្រោមសម្ពាធកើនឡើងដោយសារតែវីរុស COVID-19 និងវីរុសបម្លែងខ្លួនថ្មី Omicron។

រដ្ឋទាំងនោះរួមមាន Ohio, Michigan, Rhode Island, New York, New Jersey និង New Mexico។ ក្រសួងសុខាភិបាល និងអង្គភាពសេវាធនធានមនុស្សកំពុងបញ្ជូនក្រុមគ្រូពេទ្យយោធាបន្ថែមទៀតទៅកាន់កោះ Rhode Island ផងដែរ។ លោកស្រី Criswell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍ខាងមុខ យើងត្រៀមខ្លួនរៀបចំបន្ថែមទៀត ខណៈរដ្ឋាភិបាលសហព័ន្ធបានបញ្ជូនបុគ្គលិកជាង ១ពាន់នាក់រួចហើយទៅកាន់រដ្ឋជាច្រើនបូករួមទាំងដែនដី។ បន្ថែមលើនេះលោកស្រី Criswell បាននិយាយថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធបានពង្រីកគោលនយោបាយរបស់ខ្លួន ដោយអនុញ្ញាតឱ្យផ្តល់មូលនិធិដល់រដ្ឋនានាដើម្បីប្រើប្រាស់កងទ័ពឆ្មាំជាតិ ក្នុងការបំពេញតួនាទីគាំទ្រនៅតាមមន្ទីរពេទ្យ៕
អត្ថបទ៖ ប៊ុនថន