រដ្ឋាភិបាលបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសហ្គាណា លោក Edward Omane Boamah និងមនុស្ស៧នាក់ផ្សេងទៀតបានស្លាប់កាលពីថ្ងៃពុធ ទី៦ ខែសីហា នៅពេលដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ ដោយត្រូវបានចាត់ទុកថាជាសោកនាដកម្មជាតិ។ ឧទ្ធម្ភាគចក្រ Z9 របស់កងកម្លាំងទ័ពអាកាស បានដឹកក្រុមមន្ត្រីជាន់ខ្ពស់រួមមានទាំងលោក Boamah និងរដ្ឋមន្ត្រីបរិស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Ibrahim Murtala Muhammed បានបាត់ទំនាក់ទំនងចេញពីរ៉ាដា។

លោក Julius Debrah នាយសេនាធិការរបស់ប្រធានាធិបតី លោក John Mahama បាននិយាយថា លោកប្រធានាធិបតី និងរដ្ឋាភិបាល បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោករដ្ឋមន្ត្រី និងទាហាន ដែលបានស្លាប់ក្នុងបុព្វហេតុបម្រើប្រទេស។
អាជ្ញាធរពុំទាន់បានប្រាប់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ ជាឧបទ្ទវហេតុដែលបានសម្លាប់សមាជិកយានិកទ័ពអាកាសបីនាក់ និងមន្ត្រីពីរនាក់ផ្សេងទៀត។

លោក Boamah ជាអតីតរដ្ឋមន្ត្រីទំនាក់ទំនង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីខែមករា បន្ទាប់ពីលោកប្រធានាធិបតី Mahama បានវិលត្រឡប់មកកាន់តំណែងវិញ។ អ្នកបន្តតំណែងរបស់លោកនៅពេលនេះនឹងទទួលមរតកសន្តិសុខដ៏ស្មុគស្មាញ ដែលរួមមានទាំងការគំរាមកំហែងទាំងខាងក្នុង និងខាងក្រៅ។ ប្រទេសហ្គាណា ក៏ដូចជាប្រទេសនៅអាហ្វ្រិកខាងលិចនៃតំបន់ឆ្នេរផ្សេងទៀតដែរ ប្រឈមនឹងហានិភ័យកើនឡើងពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ Sahel។ ក្រុមប្រដាប់អាវុធដ៏សកម្មនៅក្នុងប្រទេសម៉ាលី និងបួគីណាហ្វាសូ បានព្យាយាមរុលទៅភាគខាងត្បូង ដោយចាប់ផ្តើមការវាយប្រហារយ៉ាងបង្ហូរឈាមនៅតំបន់ព្រំដែន។