យោងតាមការជូនដំណឹងដែលបានបង្ហោះប៉ុន្មានថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៤នាក់នៅខាងក្នុងអគារខ្ពស់កប់ពពកក្នុងទីក្រុង Manhattan បានឲ្យដឹងថា រដ្ឋបាល លោក Trump មានផែនការកាត់មូលនិធិការពារភេរវកម្មសម្រាប់ទីក្រុងញូវយ៉ក។ លោក Hector Rodriguez ពលរដ្ឋទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃពុធថា «វាគួរឱ្យព្រួយបារម្ភ»។ «មនុស្សធម្មតាគ្រប់រូប នឹងគិតថាវាគួរឱ្យបារម្ភ ហើយវាក៏មានគ្រោះថ្នាក់។ ញូវយ៉កជាទីក្រុងធំ ជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់ៗនៅក្នុងពិភពលោក»។

ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីជូនដំណឹងដែលបានបង្ហោះកាលពីថ្ងៃសុក្រ ទី១ ខែ សីហា ថា ទីក្រុងធំបំផុតរបស់សហរដ្ឋអាមេរិកនឹងទទួលមូលនិធិតិចជាង៦៤លានដុល្លារ នៅឆ្នាំនេះពីមូលនិធិសន្តិសុខតំបន់ទីក្រុងរបស់ខ្លួន។ សភា បានបង្កើតកម្មវិធីដើម្បីជួយទីក្រុងនានាទប់ស្កាត់អំពើភេរវកម្ម និងការវាយប្រហារដោយហិង្សាផ្សេងៗ។

ទីក្រុង Manhattan ជាទីតាំងនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា លើអគារ Twin Towers ដែលជាអំពើភេរវកម្មដ៏បង្ហូរឈាមបំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិក ជាកន្លែងនៃការវាយប្រហារចំនួនពីរលើកលើនាយកប្រតិបត្តិសាជីវកម្មកាលពីឆ្នាំមុន។ ករណីថ្មីបំផុត បានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែងបានបាញ់ប្រហារសម្លាប់មនុស្ស៤នាក់នៅខាងក្នុងអគារមួយ ជាទីស្នាក់ការកណ្តាលនៃសម្ព័ន្ធបាល់ទាត់ជាតិ និងក្រុមហ៊ុនហិរញ្ញវត្ថុធំៗមួយចំនួន។