មន្ត្រីបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសប៉ាគីស្ថាន បានពន្យាពេលថ្ងៃកំណត់សម្រាប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់លាននាក់ដល់ថ្ងៃទី១ ខែកញ្ញា ខណៈអង្គការសហប្រជាជាតិបានស្វាគមន៍ការសម្រេចចិត្តនេះទន្ទឹមនឹងបង្ហាញពីការព្រួយបារម្ភលើការត្រលប់មកវិញដោយបង្ខំ។
ប្រជាជនអាហ្វហ្គានីស្ថាន បានភៀសខ្លួនទៅកាន់ប្រទេសប៉ាគីស្ថានក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ដើម្បីគេចចេញពីសង្រ្គាម អស្ថិរភាពនយោបាយ និងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ការប៉ាន់ប្រមាណចំនួន១,៤លាននាក់ឥឡូវនេះត្រូវបានចុះឈ្មោះជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហើយមានប័ណ្ណបញ្ជាក់ទីលំនៅ ឬប័ណ្ណចុះឈ្មោះ PoR ចេញដោយអាជ្ញាធរប៉ាគីស្ថាន ដែលបានបដិសេធមិនផ្តល់ឲ្យជាថ្មីបន្ទាប់ពីថ្ងៃទី ៣០ ខែមិថុនា ជាថ្ងៃផុតកំណត់ដំបូងសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត ដែលទាក់ទាញការរិះគន់ពីក្រុមសិទ្ធិមនុស្ស។
លោក Lateef-ur-Rehman អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងកិច្ចការកុលសម្ព័ន្ធប៉ាគីស្ថាន បាននិយាយថា ជនភៀសខ្លួននឹងត្រូវបានអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះ ២៥ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ខែសីហា ដល់ថ្ងៃទី ៣១ខែសីហា ដើម្បីត្រឡប់ទៅប្រទេសកំណើតវិញដោយស្ម័គ្រចិត្ត។ លោកបានបន្ថែមថា ទីក្រុងអ៊ីស្លាម៉ាបាដ បានអនុម័តកាលបរិច្ឆេទកំណត់ថ្មីនៅសប្តាហ៍នេះ បន្ទាប់ពីនោះអ្នកដែលនៅសេសសល់អាចប្រឈមនឹងការចាប់ខ្លួន និងបណ្តេញចេញដោយបង្ខំ។
ទីក្រុងអ៊ីស្លាម៉ាបាដ ក៏កំពុងកំណត់គោលដៅបន្ថែមលើមនុស្សចំនួន៨០០.០០០នាក់ទៀត ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន ដែលខ្លួននិយាយថារស់នៅក្នុងប្រទេសប៉ាគីស្ថានដោយខុសច្បាប់៕