បាល់ទាត់៖ ការប្រកួតទី២ របស់ក្លិបចំណូលថ្មីព្រៃវែង ត្រូវលើកពេលទៅលេងនៅខែមេសាហើយ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា (CNCC)។
មូលហេតុនៃការលើកពេលនេះដោយ យោងទៅលើស្ថានភាពបច្ចុប្បន្ននេះ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលបន្ត និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចកែសម្រួលកម្មវិធីប្រកួតរវាងក្លិបខេត្តព្រៃវែង ជាមួយក្លិបសូលទីឡូអង្គរនៅកីឡដ្ឋានខេត្តព្រៃវែង ទៅលេងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល។ នេះជាការប្រកួតទី៤ នៃសប្តាហ៍ទី២ ដែលត្រូវលើកពេលប្រកួត បន្ទាប់ពីការប្រកួតរវាងវិសាខា និងនគរបាលជាតិ និងការប្រកួតរវាងណាហ្កាវើលដ៍ និងកងយោធពលខេមរភូមិន្ទដូរទៅលេងថ្ងៃទី២០ ខែមេសាខាងមុខនេះដែរ។
ចំពោះមុខសម្រាប់ការប្រកួតសប្តាហ៍ទី២ នេះនៅសល់តែ ២ប្រកួតទេគឺព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយអគ្គិសនីកម្ពុជានៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី១៣ ខែមីនា និងអង្គរថាយហ្គឺរជាមួយគីរីវង់សុខសែនជ័យថ្ងៃទី១៤ ខែមីនានៅកីឡដ្ឋាន SRU នេះបើគ្មានការប្រែប្រួលដោយស្ថានភាពបច្ចុប្បន្ន។ សូមរំលឹកថា កាលពីឆ្នាំ២០២០ កូវីដ-១៩ បានធ្វើឱ្យការប្រកួតបាល់ទាត់កម្ពុជា ពន្យាពេលប្រកួតពីកំឡុងខែមីនានេះរហូតដល់ខែមិថុនា ហើយការប្រកួតលីគកម្ពុជាក៏បានកែសម្រួលរូមមន្តប្រកួតផងដែរ៕
អត្ថបទ៖ លី ឈុនឡា