ក្រុមហេសបូឡាហ៍បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលលីបង់កំពុងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ដោយប្រគល់ភារកិច្ចឲ្យកងទ័ពបង្កើតការគ្រប់គ្រងផ្តាច់មុខដោយរដ្ឋទៅលើអាវុធ ដោយធ្វើឲ្យមានការបែកបាក់ជាតិ ជុំវិញការអំពាវនាវឲ្យក្រុមមូស្លីមស៊ីអ៊ីតទម្លាក់អាវុធ។
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានអនុញ្ញាតឲ្យកងទ័ពលីបង់រៀបចំផែនការរឹតបន្តឹងការប្រើប្រាស់អាវុធនៅទូទាំងប្រទេស ដល់កងកម្លាំងសន្តិសុខផ្លូវការចំនួន ៦ នៅចុងឆ្នាំនេះ ដែលជាបញ្ហាប្រឈមដ៏ធំមួយចំពោះក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
ការសម្រេចនេះ បានកើតឡើង បន្ទាប់ពីអាមេរិក និងភាគីប្រឆាំងក្រុមហេសបូឡានៅលីបង់ បង្កើនសម្ពាធលើគណៈរដ្ឋមន្ត្រី ដើម្បីប្តេជ្ញាជាសាធារណៈក្នុងការដកហូតអាវុធពីក្រុមនេះ ស្របពេលមានការព្រួយបារម្ភថា អ៊ីស្រាអែលអាចបង្កើនការវាយប្រហារលើលីបង់ ប្រសិនបើពួកគេបរាជ័យ ក្នុងការធ្វើដូច្នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយកាលពីថ្ងៃពុធ ក្រុមហេសបូឡា បាននិយាយថា ការសម្រេចបែបនេះ គឺជាលទ្ធផលនៃ «ការបញ្ជា» របស់សហរដ្ឋអាមេរិក ហើយថា ចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ។
ក្រុមហេសបូឡា បានបន្ថែមថា៖«រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Nawaf Salam បានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរ ដោយការសម្រេចចិត្តដកអាវុធរបស់ប្រទេសលីបង់ ដែលត្រូវទប់ទល់នឹងអ៊ីស្រាអែលដែលជាសត្រូវនោះ។ ការសម្រេចបែបនេះ បម្រើផលប្រយោជន៍អ៊ីស្រាអែលទាំងស្រុង»។