កោះកុង៖ ប្រជាពលរដ្ឋ កម្មករកម្មការិនី និងយុវជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅក្នុងខេត្តកោះកុង បានមកទទួលថ្នាំវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជិត៦០ភាគរយហើយ ស្មើនឹង៥៧.៦៧៧នាក់ ដោយបច្ចុប្បន្នមន្រ្តិជំនាញនៅតែបន្តទទួលវ៉ាក់សាំងនេះជូនពលរដ្ឋដែលពុំទាន់ចាក់។
១១ថ្ងៃហើយដែលយុទ្ធនាការផ្តល់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធ នៅទូទាំងខេត្តកោះកុង បើគិតចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះដើម្បីសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសប្រភេទបំប្លែងថ្មី (អូមីក្រុង) ខណៈរាជរដ្ឋាភិបាលព្រួយបារម្ភ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងបញ្ជាក់ថា ពលរដ្ឋ កម្មករកម្មការិនី និងយុវជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ មានចំនួន៥៧.៦៧៧នាក់ ស្រ្តី២៧.០៤៧នាក់ ស្មើនឹង៥៩ភាគរយ។
លោកវេជ្ជបណ្ឌិត បន្ថែមថា ទោះបីជាល្បឿននៃការមកទទួលវ៉ាក់សាំងរបស់ពលរដ្ឋហាក់យឺតយ៉ាវជាងកាលមកចាក់វ៉ាក់សាំងដូសទី១ ដូសទី២យ៉ាងណាក្តី ក៏មន្រ្តីជំនាញនៅតែបន្តបើកទ្វារមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានពលរដ្ឋរង់ចាំផ្តល់សេវាជូន។ មូលហេតុដែលនៅសេសសល់៤០ភាគរយមិនទាន់ចាក់វ៉ាក់សាំង ដោយសារតែពលរដ្ឋធ្លាប់ឆ្លងជំងឺកូវីឌមិនទាន់គ្រប់ពេលកំណត់ត្រូវចាក់ ខ្លះជឿតាមការឃោសនារបស់មនុស្សចំនួនមិនឱ្យចាក់ក្រោមហេតុថាធ្វើឱ្យប៉ះពាល់សុខភាព និងខ្លះទៀតមានសន្តិភាពជាមួយនឹងជំងឺកូវីដ១៩ពេកភ្លេចខ្លួនពីវិធានការការពារ។
ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធបានចាក់វ៉ាក់សាំងដូសទី៣ នៅតែដឹងគុណរបស់សម្តេចតេជោដែលយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពពលរដ្ឋលើទប់ស្កាត់ជំងឺកូវីដ១៩ បើគ្មានវ៉ាក់សាំងទេម្ល៉េះប្រទេសមិនអាចបើកជំហរស្តារសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញបានទេ។
ដូច្នេះអ្នកដែលវ៉ាក់សាំង អំពាវនាវដល់ពលរដ្ឋមិនទាន់ចាក់សូមប្រញាប់ចាក់វ៉ាក់សាំង ព្រោះចាក់វ៉ាក់សាំងប៉ះពាល់សុខភាពឡើយ ផ្ទុយមកវិញវាជួយបង្កើនភាពសុំាប្រយុទ្ធនឹងជំងឺកូវីដបានច្រើនណាស់៕ អត្តបទ៖ ឈឹម មករា




