ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេសចិន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌា ប៉ុន្មានសប្ដាហ៍មកនេះ ហើយរលកកម្ដៅដ៏ក្តៅគគុកបានគ្របដណ្ដប់ជប៉ុន និងកូរ៉េខាងត្បូង ខណៈអាកាសធាតុធ្ងន់ធ្ងរបានឆក់យកជីវិតមនុស្សរាប់រយនាក់ក្នុងតំបន់អាស៊ី។ អ្នកវិទ្យាសាស្រ្តនិយាយថា បម្រែបម្រួលបរិយាកាសបានធ្វើឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរ ញឹកញាប់ និងមិនអាចទាយទុកជាមុនបាន។
ជប៉ុន មើលឃើញថ្ងៃក្តៅបំផុតក្នុងកំណត់ត្រាកាលពីថ្ងៃអង្គារ (៥ សីហា) ជាមួយនឹងសីតុណ្ហភាព ៤១,៨អង្សាសេ នៅទីក្រុង Isesaki ខេត្ត Gunma។ ការិយាល័យពិនិត្យសុខភាពរបស់ទីក្រុងតូក្យូ បាននិយាយនៅដើមសប្តាហ៍នេះថា មនុស្សប្រមាណ ៥៦នាក់ ត្រូវជឿថាបានស្លាប់ដោយសារជំងឺទាក់ទងនឹងកម្ដៅ នៅចន្លោះពាក់កណ្តាលខែមិថុនា ដល់ចុងខែកក្កដា។

កូរ៉េខាងត្បូង ដែលក៏មើលឃើញទឹកជំនន់ផងដែរ បានកត់ត្រា "រាត្រីត្រូពិក" ចំនួន ២២យប់ ក្នុងខែកក្កដា ពោលគឺនៅពេលសីតុណ្ហភាពឡើងលើសពី ២៥អង្សាសេនៅពេលយប់។ ផ្នែកខ្លះរបស់វៀតណាម កំពុងស្ថិតក្រោមកម្ដៅមិនធ្លាប់មាន ដោយទីក្រុងហាណូយ បានកត់ត្រាថ្ងៃដំបូងនៃខែសីហារបស់ខ្លួនលើសពី ៤០អង្សាសេ។
ក្រៅពីរលកកម្ដៅ អាស៊ីក៏មើលឃើញទឹកជំនន់ផងដែរ។ នៅចិន ជាទីដែលទឹកជំនន់កើតស្ទើទូទាំងប្រទេសពីទីក្រុងសៀងហៃ ដល់ទីក្រុងប៉េកាំង បានសម្លាប់មនុស្សជាច្រើននាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នៅប៉ាគីស្ថាន មនុស្សប្រមាណ ៣០០នាក់ រួមទាំងកុមារជាង ១០០នាក់ នាក់បានស្លាប់ក្នុងឧប្បត្តិហេតុទាក់ទងនឹងភ្លៀងចាប់តាំងពីខែមិថុនាមក។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់យ៉ាងគំហុកនៅរដ្ឋ Uttarakhand របស់ឥណ្ឌា ដោយសម្លាប់មនុស្សមួយចំនួន និងជាង ១០០នាក់បាត់ខ្លួន៕

