ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ (៦ សីហា) ថា រុស្ស៊ីហាក់ដូចជាមានទំនោរទៅរកបទឈប់បាញ់មួយ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចទៅរួចនេះ គឺមានសារៈសំខាន់ណាស់ ហើយទាំងអ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនគួរត្រូវបញ្ឆោតដោយទីក្រុងមូស្គូនោះទេ។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ប្រេសិតពិសេសរបស់លោក បានជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងជំនួបដំណើរការយ៉ាងល្អ ប៉ុន្តែមិនលម្អិតនោះទេ ខណៈបង្ហើបពីលទ្ធភាពនៃជំនួបកំពូលជាមួយមេដឹកនាំរុស្ស៊ី។ បន្ទាប់ពីកិច្ចប្រជុំរបស់ប្រេសិតអាមេរិក លោក Zelenskiy បានធ្វើកិច្ចពិភាក្សាតាមទូរសព្ទជាមួយលោក Trump និងចូលរួមដោយសម្ព័ន្ធមិត្តអឺរ៉ុប។

លោក Zelenskiy បានបង្ហោះលើបណ្ដាញសង្គម X ថា៖ អ៊ុយក្រែនច្បាស់ណាស់ថាត្រូវការពារឯករាជ្យភាពរបស់ខ្លួន... គ្រប់គ្នាសុទ្ធតែត្រូវការសន្តិភាពយូរអង្វែង និងអាចទុកចិត្តបាន ហើយរុស្ស៊ីត្រូវតែបញ្ចប់សង្រ្គាមដែលខ្លួនបានចាប់ផ្តើម។ លោកបន្ត៖ សម្ពាធលើរុស្ស៊ីឱ្យធ្វើបទឈប់បាញ់ហាក់បានផល ប៉ុន្តែរឿងចម្បងគឺមិនអាចឱ្យរុស្ស៊ី បោកបញ្ឆោតខ្លឹមសារលម្អិតបានឡើយ - ទាំងអ៊ុយក្រែន និងអាមេរិក។
អ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ រុស្ស៊ី ដែលឥឡូវនេះគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន និងកំពុងបន្តវាយរុលទៅមុខនៅភាគខាងកើត បានច្រានចោលគំនិតមួយនេះ៕

