ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានក្នុងអំឡុងសន្និសីទសារព័ត៌មាននៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោន អាចវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាម ស្តារសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនោះ។
លោក ត្រាំ បាននិយាយថា៖«ពិតមែនហើយ យើងបានបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដោយទប់ស្កាត់អ៊ីរ៉ង់ ពីការមានអាវុធនុយក្លេអ៊ែរ»។ លោកបានសង្កត់ធ្ងន់ថា៖«ពួកគេអាចនិយាយថា ពួកគេនឹងចាប់ផ្តើមម្តងទៀត ប៉ុន្តែនេះ គឺជារឿងដ៏គ្រោះថ្នាក់សម្រាប់ពួកគេ ក្នុងការកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ព្រោះយើងនឹងធ្វើការវាយប្រហារម្តងទៀត»។
មេដឹកនាំអាមេរិករូបនេះ បានសន្និដ្ឋានថា៖«នៅពេលដែលពួកគេចាប់ផ្តើមដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ពួកគេឡើងវិញ យើងនឹងវាយប្រហារម្តងទៀត។ ដូច្នេះហើយខ្ញុំគិតថា ពួកគេយល់ពីបញ្ហានេះ»។

កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ម៉ោងក្រោយមក អ៊ីរ៉ង់បានវាយប្រហារសងសឹកវិញ។ រយៈពេល ៩ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី ២២ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន បីកន្លែង ដោយចូលទៅក្នុងជម្លោះនេះ។ នៅល្ងាចថ្ងៃទី ២៣ ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានយោធា Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំង នៅប្រទេសកាតា។ បើតាមអាជ្ញាធរអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង ដែលបានចូលជាធរមាននៅថ្ងៃទី២៤ ខែមិថុនា។
