ក្រុមហ៊ុន Apple គ្រោងនឹងជំរុញការវិនិយោគចំនួន ១០០ពាន់លាន់ដុល្លារបន្ថែមទៀត នៅសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ស្ថិតនៅក្រោមសម្ពាធពីលោកប្រធានាធិបតី Donald Trump។
សេតវិមាន បានឲ្យដឹងថា ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់ ដើម្បីជួយជំរុញក្រុមហ៊ុនឲ្យផលិតគ្រឿងបន្លាស់របស់ Apple បន្ថែមទៀត នៅសហរដ្ឋអាមេរិក ហើយនឹងបន្ថែមពីលើការសន្យាពីមុនរបស់ក្រុមហ៊ុន ដែលថា នឹងចំណាយ ៥០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា ការសន្យាវិនិយោគនេះ កើតមានឡើងបន្ទាប់ពីលោក Trump បានលើកឡើងពីក្រុមហ៊ុន Apple តាមឈ្មោះចំៗ កាលពីដើមឆ្នាំនេះ ដោយគំរាមដំឡើងពន្ធលើផលិតផលរបស់ក្រុមហ៊ុន ប្រសិនបើមិនប្តូរការផលិតទូរស័ព្ទ iPhone ទៅកាន់សហរដ្ឋអាមេរិកទេនោះ។

កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមុននេះ ហើយបានបញ្ជាក់ថា ខ្លួនកំពុងត្រៀម «ធ្វើការងារបន្ថែមទៀត» ខណៈដែលក្រុមហ៊ុនព្យាយាមបញ្ចៀសឲ្យបានអត្រាពន្ធបន្តបន្ទាប់ដែលនឹងប៉ះពាល់ដល់ផលិតផលរបស់ខ្លួន។
ហើយក្នុងអំឡុងពេលនៃការប្រកាសជាផ្លូវការ នៅឯសេតវិមាន កាលពីថ្ងៃពុធ (ទី៦ ខែសីហា) លោកប្រធានាធិបតី បាននិយាយថា ជាផ្នែកនៃការវិនិយោគរបស់ក្រុមហ៊ុន Apple នឹង «បង្កើនការចំណាយ» យ៉ាងសន្ធឹកសន្ធាប់លើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ក្នុងនោះរួមមានទាំងការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីនៅទូទាំងប្រទេស និងការផលិតខ្សែច្រវាក់ផលិតកម្មកញ្ចក់ឆ្លាតវៃ នៅទីក្រុង Harrisburg រដ្ឋ Kentucky ដែលនឹងប្រើប្រាស់ នៅក្នុងទូរសព្ទ iPhone និងនាឡិកាឆ្លាតវៃ។
ដោយឈរនៅក្បែរមេដឹកនាំអាមេរិក លោក Cook ដែលបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ១លានដុល្លារដល់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Trump បាននិយាយថា ការវិនិយោគក្នុងប្រទេស ចំនួន ៥០០ពាន់លានដុល្លារដំបូងរបស់ក្រុមហ៊ុន បាន «ផ្តល់លទ្ធផលវិជ្ជមានរួចហើយ»៕
