លោក Khaled al-Qaddoumi តំណាងចលនានៅក្នុងប្រទេសអ៊ីរ៉ង់ បានប្រាប់អ្នកយកព័ត៌មាន TASS ក្នុងការសន្ទនាតាមទូរស័ព្ទថា ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់អ៊ីស្រាអែលពីការពង្រីកប្រតិបត្តិការ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងការគ្រប់គ្រងតំបន់នេះទាំងមូល។
លោកបាននិយាយថា៖«សព្វថ្ងៃនេះ ពិភពលោកត្រូវតែគាំទ្រប្រជាជនដែលត្រូវបានគេជិះជាន់របស់យើង និងប្រើប្រាស់ឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីរារាំងលោក ណេតាន់យ៉ាហ៊ូ (Netanyahu) និងក្រុមរបស់លោក ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប្រជាជនរបស់យើង ដែលបណ្តាលឲ្យមានការអត់ឃ្លានកាន់តែធ្ងន់ធ្ងរ និងនាំឲ្យកុមារ និងគ្រួសាររបស់យើង ស្លាប់ដោយភាពស្រេកឃ្លាន»។ លោក Al-Qaddoumi បានសង្កត់ធ្ងន់ថា៖«សូម្បីតែថ្នាក់ដឹកនាំយោធាអ៊ីស្រាអែល ដែលចូលរួមដោយលោក ណេតាន់យ៉ាហ៊ូ ក៏ប្រឆាំងនឹងគំនិតខ្វះការពិចារណាមួយ ដូចជាការឈ្លានពានតំបន់ហ្កាហ្សាស្ទ្រីប»។

ដោយនិយាយអំពីការបន្តការចរចាដ៏មានសក្តានុពល អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖« លោក ណេតាន់យ៉ាហ៊ូ មិនចង់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស។ លោក al-Qaddoumi បាននិយាយថា៖«ផ្ទុយទៅវិញ លោកបានបំផ្លាញក្តីសង្ឃឹមទាំងអស់សម្រាប់កិច្ចព្រមព្រៀងមួយ ហើយបន្តសម្លាប់ប្រជាជនរបស់យើងឲ្យពិភពលោកទាំងមូលបានឃើញ»។ លោកបានសង្កត់ធ្ងន់ថា៖«យើងបានចូលរួមក្នុងកិច្ចសន្ទនាមនុស្សធម៌ និងបានស្នើដំណោះស្រាយ និងវិធានការពិតប្រាកដ និងជាក់ស្តែង សំដៅលើការបញ្ឈប់ការឈ្លានពាន និងការបង្ហូរឈាម ដូចដែលបានបញ្ជាក់ដោយអ្នកសម្របសម្រួល»។ អ្នកនាំពាក្យ ក៏បានចង្អុលបង្ហាញថា៖«ភាពចាំបាច់ក្នុងការបើកប៉ុស្តិ៍ត្រួតពិនិត្យ និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌គ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា ស្របតាមច្បាប់អន្តរជាតិ និងដោយគ្មានការចរចានយោបាយ»។
